សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាទទួលគម្រោងជាង៧២ មានទុន ២៧០០លានដុល្លារ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្ពុជាបានទទួលគម្រោងប្រមាណជា៧២គម្រោង ដែលមានទុនសរុបចំនួន២៧០០លានដុល្លារ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦សម្ដេចធិបតី មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៧២ ។ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីមានប្រ សាសន៍បន្តថា ក្នុងគម្រោងវិនិយយោគនេះមានទុនសរុបចំនួន ២៧០០ លានដុល្លារ។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ៖“គិតត្រឹមថ្ងៃទី៧ ខែសីហា គម្រោងវិនិយោគសរុបចំនួន ៧២ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបនៃគម្រោងនេះមានចំនួន ២៧០០ លានដុល្លារអាម៉េរិក។ គម្រោងនេះបង្កើតការងារជាង ៨ម៉ឺនកន្លែង”។
ជាមួយគ្នានោះដែរ សម្តេចធិបតីមានប្រសាសន៍បន្ថែមថា ក្នុងចំណោមគម្រោងទាំងនោះមាននៅក្នុងខេត្តក្រចេះ ១៩គម្រោង ដោយគម្រោងចំនួន ១៤ ត្រូវបានពិនិត្យ និងបន្តនីតិវិធី គម្រោងទាំង១៩នេះ មានទុនសរុបចំនួន ១,១ ពាន់លានដុល្លារ , ខេត្តស្ទឹងត្រែង មានគម្រោងវិនិយោគមាន២០គម្រោង បង្កើតការងារជាង៤ពាន់កន្លែង , ខេត្តរតនគិរីគម្រោងស្នើសុំ១១គម្រោង មានទុនជាង៨០០លានដុល្លារត្រូវការកម្មករជាង៤ម៉ឺននាក់ និងខេត្តមណ្ឌលគិរីចំនួន២២គម្រោង ដោយគម្រោង១៣បាននិងកំពុងបន្តពិនិត្យ ដែលមានទុន៥១៦លានដុល្លារ បង្កើតឱកាសការងារ៥ពាន់កន្លែង ។
បើតាមការឱ្យដឹងពីសម្តេចធិបតី ខេត្តក្រចេះ ក៏កំពុងជំរុញការអភិវឌ្ឍ និងវិនិយោគដល់ឆ្នាំ២០២៨បន្ថែមទៀត ៕

ដោយ៖ ប៊ុនរិទ្ធ





