មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ច និងផ្សព្វផ្សាយ ច្បាប់ស្ដីពីលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង និងពលទាហាន
AKP កំពង់ធំ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ច និងផ្សព្វផ្សាយក្រើនរំលឹកឡើងវិញអំពីច្បាប់ស្ដីពីលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះយោធិនគ្រប់រូបចំណុះឱ្យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះបានចូលរួមចំណែកយ៉ាងសកម្មនិងអង់អាចក្លាហានក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទក្នុងកាតព្វកិច្ចការពារបូរណភាពទឹកដី ព្រមជាមួយនោះដែរ ក៏បានចូលរួមចំណែក យ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ ពិសេសការការពារ ទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈសម្រាប់សង្គមជាតិយើង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនគ្រប់រូបត្រូវតែអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះ ក្នុងនាមជាកងទ័ពត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយយោធិនគ្រប់រូប ត្រូវតែហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីពីការរំលោភឈ្លានពានពីសំណាក់ប្រទេសជិតខាង និងហ៊ានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជាមួយនោះដែរ យោធិនគ្រប់រូបត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្ដីពីលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តន៍ចំពោះមុខមានជាអាទិ៍៖ ទីមួយ. បន្តត្រៀមខ្លួន និងមធ្យោបាយគ្រប់គ្រាន់ដើម្បីចល័តអន្តរាគមន៍ តាមបទបញ្ជាក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះអន្តរាយផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ទីពីរ. ត្រូវបន្តសកម្មភាព សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព និងទីបី. ត្រូវបន្តចូលរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការងារមនុស្សធម៌ជួយដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានជីវភាពលំបាកខ្វះខាតឱ្យទាន់ពេលវេលា៕
ដោយ ស៊ុម វណ្ណា





