អាជ្ញាធរឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បង្កើនការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅតាមដងទន្លេមេគង្គ ដោយបានជម្លៀសប្រជាពលរដ្ឋ ៦៥គ្រួសារ
AKP ក្រចេះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--អាជ្ញាធរមូលដ្ឋាននៅភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បានបង្កើនការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយបានជម្លៀសប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ក្នុងចំណោម ៧៩គ្រួសារ ដែលរងផលប៉ះពាល់ ទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈកម្ពស់ទឹកទន្លេមេគង្គកំពុងបន្តកើនឡើង និងបង្កការគំរាមកំហែងដល់សហគមន៍នៅតាមដងទន្លេ។ ការជម្លៀសនេះធ្វើឡើងនៅពេលទឹកជំនន់ចាប់ផ្តើមប៉ះពាល់ដល់សហគមន៍ ហើយស្ថានភាពមានទឹក ក៏មានសភាពធ្ងន់ធ្ងរ ជាពិសេសក្នុងរយៈពេល ៤ ទៅ ៥ថ្ងៃកន្លងមកនេះ។

លោក ម៉ាន់ ទលស់ មេភូមិព្រែកសណ្តាយ បានឱ្យដឹងថា ភូមិនេះមានចំនួន ៥៤១គ្រួសារ មានប្រជាពល រដ្ឋសរុបប្រមាណ ២ ១៨០ នាក់ ក្នុងនោះ ស្ត្រីចំនួន ១ ១២៩នាក់។ លោកបានបន្ដថា ប្រជាពលរដ្ឋភាគច្រើនរស់នៅតាមដងទន្លេ និងប្រកបរបរកសិកម្មជាចម្បង ខណៈប្រជាពលរដ្ឋមួយចំនួនតូចប្រកបរបរនេសាទ។ លោកមេភូមិបានបញ្ជាក់ទៀតថា អាជ្ញាធរបាន និងកំពុងតាមដានស្ថានភាពប្រជាពលរដ្ឋយ៉ាងជិតស្និទ្ធ ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេ ដើម្បីបង្ការគ្រោះថ្នាក់ ខណៈកម្ពស់ទឹកកំពុងកើនឡើង និងច្រាំងទន្លេប្រឈមនឹងការបាក់ស្រុត។ លោកមេភូមិព្រែកសណ្តាយបានបន្ថែមថា៖ «យើងណែនាំប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីបង្ការគ្រោះថ្នាក់ ជាពិសេសក្នុងអំឡុងពេលមានទឹកជំនន់។ នៅពេលយប់ ខ្ញុំក៏ជួយតាមដានស្ថានភាពតាមដងទន្លេផងដែរ។ នៅពេលមានបញ្ហា ខ្ញុំនឹងប្រាប់ពួកគាត់ឱ្យជម្លៀស និងផ្លាស់ទីចូលទៅខាងក្នុងភូមិ»។

បើតាមមេភូមិលោក ម៉ាន់ ទលស់ មកទល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងរបួសដោយសារទឹកជំនន់នៅឡើយទេ រួមទាំងកុមារផងដែរ ខណៈអាជ្ញាធរបាន និងកំពុងបន្តត្រៀមលក្ខណៈ ដើម្បីទប់ទល់នឹងស្ថានភាពដែលអាចកាន់តែធ្ងន់ធ្ងរ។ លោកមេភូមិបានសង្កត់ធ្ងន់ថា៖ «ជាជំហានដំបូង យើងមានផែនការបន្ថែមខ្សាច់ និងបាវខ្សាច់ ដើម្បីបង្ការគ្រោះថ្នាក់»។

ជាមួយគ្នានេះដែរ លោក ម៉ាន់ ទលស់ មេភូមិព្រែកសណ្តាយបានសម្តែងការអរគុណចំពោះការយកចិត្តទុកដាក់ចំពោះសហគមន៍ដែលរងផលប៉ះពាល់ ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលបានចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកឆ្លូង កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ លោកមេភូមិបានអះអាងថា៖ «ខ្ញុំឃើញថា ឯកឧត្តមរដ្ឋមន្ត្រីបានមកទីនេះ និងបង្ហាញការយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន។ ឯកឧត្តមបានមកសួរសុខទុក្ខពួកយើងទាំងអស់គ្នា ព្រមទាំងផ្តល់ការណែនាំ និងជួយដោះស្រាយបញ្ហាដែលបង្កឡើងដោយគ្រោះមហន្តរាយ ដើម្បីសម្រួលស្ថានភាព»។ លោក ម៉ាន់ ទលស់ បានចាត់ទុកវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលប្រឈមនឹងទឹកជំនន់។ លោកមេភូមិក៏បានឱ្យដឹងផងដែរថា ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារធ្លាប់បានចុះមកមូលដ្ឋានភូមិ-ឃុំនេះ ក្នុងអំឡុងពេលមានគ្រោះរាំងស្ងួត ដើម្បីពិនិត្យស្ថានភាពស្រែប្រាំងដែលរងផលប៉ះពាល់។

លោក ម៉ាន់ ទលស់ ក៏បានជម្រាបជូនផងដែរថា ទឹកជំនន់ជាបញ្ហាដែលតែងតែកើតមាននៅតំបន់មួយចំនួនក្នុងភូមិ ដោយតំបន់ខ្លះរងផលប៉ះពាល់រៀងរាល់ ៣ ឬ ៤ឆ្នាំម្តង ហើយអាជ្ញាធរបាននិងកំពុងបន្តតាមដានស្ថានភាពទឹកទន្លេ និងត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋ ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ។
លោកមេភូមិ ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅជិតដងទន្លេ បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងការជម្លៀសនៅពេលចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ។

យោងតាមរបាយការណ៍របស់លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង ខេត្ដក្រចេះបានឱ្យដឹងថា ប្រជាពលរដ្ឋជាង ១ ៨០០គ្រួសារ ស្មើនឹងប្រមាណ ៨ ០០០នាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ នៅទូទាំងឃុំចំនួន ៧ និងភូមិចំនួន ៣១ ក្នុងស្រុកឆ្លូង។ លោកស្រីអភិបាលស្រុកបានបន្ដថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់ ២១,៧៣ម៉ែត្រ ដែលបង្កផលប៉ះពាល់ដល់សហគមន៍ វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងស្រុក។ លោកស្រីអភិបាលស្រុកបានលើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏មានលោកស្រី សេន សាគីរ៉ាក់ អាយុ ៥៧ឆ្នាំ ដែលត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។ លោកស្រីបានសម្តែងការកោតសរសើរ និងអរគុណចំពោះការឆ្លើយតបរបស់អាជ្ញាធរ។

លោកស្រីអភិបាលស្រុកបានបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ចំពោះការយកចិត្តទុកដាក់របស់ពួកគាត់។ យើងខ្ញុំបានត្រៀមលក្ខណៈបានល្អ ជាពិសេសការយកចិត្តទុកដាក់ចំពោះកុមារតូចៗរបស់យើង តាមការណែនាំរបស់អាជ្ញាធរ»៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





