ពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី៣១១០ ក្បាលដីក្នុងឃុំស្រឡៅស្រុកតាំងគោក
AKPកំពង់ធំថ្ងៃទី២៥ខែសីហាឆ្នាំ២០២៦--ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគរូបនី យកម្ម សំណង់ និងសុរិយោដីខេត្តបានរៀបចំកម្មវិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ស្ថិតនៅទីតាំងវត្តឧទុម្ពរ ភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកតាំងគោកខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០២៦។

ពិធីមានការអញ្ជើញចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក លោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តតំណាងលោកប្រធានមន្ទីរ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន៦៦៧ នាក់(ស្រី៤៥៩នាក់)។

លោក យូ ចាន់ឌីបានធ្វើការបង្ហាញនិងពន្យល់ណែនាំយ៉ាងលម្អិតអំពីនីតិវិធីនៃការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីលោកបានបញ្ជាក់ថាការបិទផ្សាយនេះមានរយៈពេល១៥ ថ្ងៃដើម្បីឱ្យម្ចាស់ដី ឬអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឈ្មោះប្រពន្ធ/ប្តី ទំហំដី និងព្រំប្រទល់ដីរបស់ខ្លួនឱ្យបានច្បាស់លាស់។ ប្រសិនបើមានការខុសឆ្គង ឬមានទំនាស់ព្រំប្រទល់ណាមួយ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងតវ៉ាឬស្នើសុំកែតម្រូវបានក្នុងអំឡុងពេលបិទផ្សាយនេះ ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការដោះស្រាយ និងកែសម្រួលឱ្យបានត្រឹមត្រូវ មុននឹងបញ្ជូនទិន្នន័យទៅថ្នាក់លើដើម្បីចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ជូនជាស្ថាពរ។

នៅក្នុងឱកាសនោះដែរ លោក ហាក់ ម៉ុងហួត បានលើកឡើងអំពីការខិតខំប្រឹង ប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាថាបងប្អូនទាំងអស់ទទួលបានប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ស្របច្បាប់ និងក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីពេញសិទ្ធិគ្រប់ៗគ្នា។
លោកអភិបាលស្រុកក៏បានថ្លែងអំណរ គុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារជំនាញចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី (អាជ្ញាធរភូមិ-ឃុំ) ដែលបានខិតខំប្រឹងប្រែងនិងសម្របសម្រួលបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក។
ការបិទផ្សាយទិន្នន័យជាសាធារណៈនាពេលនេះ គឺគ្របដណ្តប់លើឯកសារវិនិច្ឆ័យដីធ្លីសរុបចំនួន ៣១១០ ក្បាលដីដែលស្ថិតនៅក្នុងភូមិចំនួន០៨ នៃឃុំស្រឡៅ រួមមាន៖ ភូមិស្នួល, ភូមិទួលអំពិល, ភូមិទោង, ភូមិឧទុម្ពរ, ភូមិទួលដំណាក់, ភូមិដំរីស្លាប់ និងភូមិគោកអណ្តែត។នេះជាជំហានយ៉ាងសំខាន់ក្នុងការធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យម្ចាស់ក្បាលដីទាំងអស់ចូលរួមពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុននឹងឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង) ផ្លូវការនាពេលខាងមុខ។

ហើយកាលពីព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៦ រដ្ឋបាលស្រុកតាំងគោកបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៧២៤៦ក្បាលដីគ្របដណ្តប់លើ ០៦ភូមិ រួមមាន ភូមិស្រះបន្ទាយ, ភូមិសៀមរាង, ភូមិត្រពាំងខ្លង, ភូមិប្រាំងសំរោង, និងភូមិអូររំចេក ក្នុងឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំក្រោមអធិបតីភាព លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក៕
ដោយ៖ ស៊ុម វណ្ណា





