មន្ត្រីកីឡាក្រសួងអប់រំ និងសហព័ន្ធយូដូទៅក្រេបចំណេះដឹងការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍គ្រូបង្វឹក នៅម៉ាឡេស៊ី
AKP កណ្តាល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានចាត់តាំងមន្រ្តីជំនាញកីឡា ២រូប និងគ្រូបង្វឹកផ្នែកកីឡាយូដូ ១រូប ទៅចូលរួមសិក្ខាសាលាស្តីពីការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍គ្រូបង្វឹកកីឡាថ្នាក់ជាតិ ដើម្បីក្រេបជញ្ជក់ចំណេះដឹងបន្ថែម ចាប់ពីថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាបានគូសបញ្ជាក់មុនចាកចេញពីមាតុប្រទេស នៅអាកាសយានដ្ឋានអន្តរជាតិតេជោថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងការចង្អុលបង្ហាញពីឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានបញ្ជូនមន្ត្រីជំនាញកីឡា ២ រូប និងគ្រូបង្វឹកផ្នែកកីឡាយូដូ ១ រូប គឺលោក យាន គឺស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹករបស់ខេមសហព័ន្ធយូដូចូលរួមសិក្ខាសាលាស្តីពីការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍គ្រូបង្វឹកកីឡាថ្នាក់ជាតិ នៅប្រទេសម៉ាឡេស៊ី។

លោកអគ្គនាយករងបានបន្ថែមថា សិក្ខាសាលាស្តីពី ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍គ្រូបង្វឹកកីឡាថ្នាក់ជាតិ ស្ថិតក្រោមការសហការរវាងជប៉ុន និងអាស៊ាន នេះឡើង ដើម្បីរៀបចំប្រព័ន្ធស្តង់ដាមួយ ក្នុងការអភិវឌ្ឍកីឡា ជាពិសេសស្តង់ដាគ្រូបង្វឹកកីឡា។ កាលពីឆ្នាំកន្លងទៅ ប្រតិភូកីឡាកម្ពុជាបានចូលរួមម្តងរួចហើយ ក្រោយពីត្រឡប់មកវិញ យើងយកក្របខ័ណ្ឌអភិវឌ្ឍន៍គ្រូបង្វឹកកីឡាថ្នាក់ជាតិជប៉ុន-អាស៊ាន ដោយបានអភិវឌ្ឍជាមួយខេមរសហព័ន្ធយូដូ បង្កើតភាពជាគូមួយ ហៅថា “ម៉ូដែលមួយ” ក្នុងការរៀបចំអភិវឌ្ឍគ្រូបង្វឹកកីឡា។ យើងបានវិធីសាស្ត្រដែលអភិឌ្ឍប្រកបដោយប្រសិទ្ធភាព ព្រមទំាងផ្តោតទៅឡើងការលើកកម្ពស់អត្តពលិក បំផុតគំនិតឱ្យអត្តពលិកពិភាក្សាជាមួយគ្រូបង្វឹកស្វែងរកចំណុចត្រឹមត្រូវ។ លោក វ៉ា វណ្ណៈ បន្ថែមថា សិក្ខាសាលានេះមានមន្ត្រីកីឡាមកពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ាន ដើម្បីចូលរួមក្រេបជញ្ជក់ចំណេះដឹងបន្ថែម និងយកចំណេះដឹងទាំងនោះមកជំរុញការអភិវឌ្ឍវិស័យកីឡានៅប្រទេសរៀងៗខ្លួន។
ជាមួយគ្នានេះ លោក ម៉ារ វង្សវិបុល បានជម្រាបជូនដែរថា លោកបានចូលរួមសិក្ខាសាលានេះ២លើកមកហើយៗលើកនេះទៅសិក្សាលើកការសម្របសម្រួលខ្លួនពីបញ្ហារបស់កីឡាករ-កីឡាការិនីនីមួយៗ ដើម្បីឱ្យគ្រូបង្វឹកមានបទសោធន៍ជួយដោះស្រាយ ធ្វើយ៉ាងណាឱ្យអត្តពលិកយល់ដឹងពីឧត្តមភាព ភាពខ្លាំងរបស់ខ្លួន។ សិក្ខាសាលានេះពិតជាមានសារៈសំខាន់សម្រាប់គ្រូបង្វឹកក្នុងការពង្រីកចំណេះដឹងបន្ថែមទៀត ក្នុងនាមគ្រូបង្វឹក ដោយត្រូវចេះដោះស្រាយកីឡាករ-កីឡាការិនីម្នាក់ដែលមានបញ្ហាផ្សេងៗពីគ្នា។

ប្រធានបច្ចេកទេស និងគ្រូបង្វឹករបស់ខេមសហព័ន្ធយូដូបន្ថែមថា សិក្ខាសាលាអភិវឌ្ឍន៍ គឺជាវិធីសាស្រ្តរួមមួយ ដែលមានសារៈសំខាន់សម្រាប់គ្រូបង្វឹក ពីព្រោះការសិក្សាផ្តោតទៅលើឧត្តមភាពកីឡា ចាប់ផ្តើមជាមួយគ្រូបង្វឹកពិសេសៗ ក្នុងការជួយដឹកនាំហ្វឹកហាត់ បង្កើតចរិតលក្ខណៈ និងជំរុញភាពធន់ជាដើម។ គំនិតផ្តួចផ្តើមនេះផ្តល់អំណាចដល់អត្តពលិក ក្នុងការដោះស្រាយបញ្ហាប្រឈម ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងណែនាំជាមួយ គោលបំណង។ លើសពីការអភិវឌ្ឍជំនាញ វាបង្កើតបណ្តាញសហការមួយ ដែលចំណេះដឹងហូរចូលដោយសេរី និងការគាំទ្រពង្រឹងសហគមន៍បណ្តុះបណ្តាលទាំងមូលផងដែរ៕
ដោយ ហេង ណាលីន





