គម្រោង EMPOWER សម្រេចជ្រើស ៥០០គ្រួសារនៅខេត្តបន្ទាយមានជ័យ ដើម្បីស្តារជីវភាពប្រកបដោយតម្លាភាព
AKP បន្ទាយមានជ័យថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦--ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងការផ្តល់ផលប្រយោជន៍ចំគោលដៅជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិតប្រាកដ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោង «លើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)»កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ ដោយមានការសម្របសម្រួលផ្ទាល់ពី លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។ ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ មន្ត្រីអាជ្ញាធរក្រុងសិរីសោភ័ណ ព្រមទាំងអ្នកស ម្របសម្រួលគម្រោងថ្នាក់ស្រុក និងមន្ត្រីកសិកម្មសង្កាត់គោលដៅ រួមមានសង្កាត់កំពង់ស្វាយ សង្កាត់ភ្នៀត និងសង្កាត់ម្កាក់។
ចំណុចស្នូលនៃកិច្ចប្រជុំបានផ្តោតលើការពិនិត្យ និងវាយតម្លៃទិន្នន័យអ្នកទ ទួលផលយ៉ាងស៊ីជម្រៅ ដោយផ្អែកលើប័ណ្ណក្រីក្រ កម្រិត១ (ក្រ១) កម្រិត២ (ក្រ២) ប័ណ្ណសមធម៌ និងប័ណ្ណងាយរងហានិភ័យ។ តាមរយៈយន្តការស៊ើប អង្កេត និងវាយតម្លៃយ៉ាងម៉ត់ចត់ គណៈកម្មាធិការគម្រោងបានរកឃើញថាគ្រួសារជាប់ជម្រើស (៥០០ គ្រួសារ) បានបំពេញគ្រប់លក្ខខណ្ឌតម្រូវ និងមានសិទ្ធិពេញលេញក្នុងការទទួលផលប្រយោជន៍ពីគម្រោង ដើម្បីស្តារ និងលើកកម្ពស់ជីវភាព។គ្រួសារមិនទាន់បំពពេញលក្ខខណ្ឌ (២២៩ គ្រួសារ)ត្រូវ បានបដិសេធមិនឲ្យទទួលផល ដោយសារមិនបានបំពេញតាមបទដ្ឋានវិនិច្ឆ័យដែលបានកំណត់ ក្នុងន័យធានាថាកញ្ចប់ជំនួយមិនត្រូវបានប្រើប្រាស់ខុសគោលដៅ។
ដើម្បីឲ្យការអនុវត្តគម្រោង EMPOWER ទទួលបានជោគជ័យ និងមានចីរភាព អង្គប្រជុំបានជជែកដេញ ដោលយ៉ាងស្វិតស្វាញអំពីការស្នើសុំកិច្ចសហការបន្ថែមពីអាជ្ញាធរឃុំ-សង្កាត់ ក្នុងការជ្រើសរើស ជនបង្គោលតាមភូមិ ទៅតាមមុខរបរ និងជំនាញជាក់ស្តែងនីមួយៗ។

ដំណើរការជ្រើសរើសជនបង្គោលនេះ នឹងត្រូវធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីមន្ត្រី CAO (Community Agricultural Officer) និង DC (District Coordinator) នៅតាមសង្កាត់នីមួយៗ។ យន្តការនេះត្រូវបានបង្កើតឡើងដើម្បីធានាថា ជនបង្គោលដែលជ្រើស រើសមក គឺមានសមត្ថភាពពិតប្រាកដ មានតម្លាភាព និងអាចឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការបច្ចេកទេស និងសេដ្ឋកិច្ចជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនោះឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថាគម្រោង EMPOWER មិនត្រឹមតែជាកញ្ចប់ជំនួយបណ្តោះអាសន្ននោះទេ ប៉ុន្តែជាអាវក្រោះការពារសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ ក្នុងការបង្កើតឱកាសការងារ លើកកម្ពស់ប្រាក់ចំណូល និងបង្កើតភាពធន់មាំទល់នឹងវិបត្តិនានា ស្របតាមនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ភាពក្រីក្រ៕
ដោយ៖ឈុនសារ៉ាត





