អង្គការសហប្រជាជាតិត្រៀមថវិកា ៣លានដុល្លារអាម៉េរិក សម្រាប់ត្រៀមបង្ការជំងឺអេបូឡានៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ -- លោក ថម ហ្លេតឈើរអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិបានបម្រុងថវិកាចំនួន ៣លានដុល្លារអាម៉េរិកពីមូលនិធិឆ្លើយតបសង្គ្រោះបន្ទាន់កណ្តាល (CERF) ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការជំងឺអេបូឡានៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីពេលថ្មីៗនេះ។
លោក ស្តេហ្វេន ឌូចារិក បានប្រាប់អ្នកសារព័ត៌មានថា «ហានិភ័យនៃការរីករាលដាលនៃជំងឺអេបូឡា បានកើនឡើងបន្ទាប់ពីការបញ្ជាក់ពីករណីឆ្លងនៅក្នុងខេត្តនានានៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលជាប់ព្រំដែនជាមួយសាធារណរដ្ឋអាហ្វ្រិកកណ្តាល»។
លោក ឌូចារិក បាននិយាយថា មូលនិធិនេះនឹងគាំទ្រដល់ការឃ្លាំមើលជំងឺ សមត្ថភាពដាក់ឱ្យនៅដាច់ដោយឡែក ការចូលរួមរបស់សហគមន៍ និងការទទួលបានទឹកស្អាត ខណៈដែលអាជ្ញាធរ និងដៃគូមនុស្សធម៌ត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងដែលអាចកើតមាន។
លោកបានបន្ថែមថា «សាធារណរដ្ឋអាហ្វ្រិកកណ្តាលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដែលបង្កឡើងដោយជម្លោះ ទឹកជំនន់ ជំងឺ និងអស្ថិរភាពក្នុងតំបន់ ដែលធ្វើឱ្យមនុស្សប្រមាណ ២,៣លាននាក់ - ជាងមួយភាគបីនៃចំនួនប្រជាជន - ត្រូវការជំនួយចាំបាច់»។
ការផ្ទុះឡើងនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកំពុងកើនឡើង «យ៉ាងខ្លាំង» ដោយមានមនុស្សជាង ២.៥០០នាក់បានស្លាប់ក្នុងរយៈពេលបីខែកន្លងមកនេះ។ នេះបើយោងតាមអ្នកសម្របសម្រួលជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ស្តីពីជំងឺនេះ បាននិយាយកាលពីពេលថ្មីៗនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





