គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាចេញដំណើរទៅទស្សនកិច្ចសិក្សានៅរដ្ឋធានីហាណូយ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងចំណងមិត្តភាពទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦-- គណៈប្រតិភូអ្នកសារព័ត៌មាននៃក្រសួងព័ត៌មានសរុបចំនួន៧រូប បានចេញដំណើរទៅបំពេញទស្សនកិច្ចសិក្សាការងារនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
បេសកកម្មនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃការអនុវត្ត "ផែនការសហប្រតិបត្តិការលើវិស័យព័ត៌មាន ឆ្នាំ២០២៦-២០៣០" រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈសារព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍លើខ្សែច្រវាក់ផលិតកម្មព័ត៌មានទំនើប និងរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
សមាសភាពគណៈប្រតិភូ រួមមាន មន្ត្រីជំនាញ និងមន្ត្រីផលិតព័ត៌មានមកពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋានសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ (ស.ស.អ)៕

ដោយ ទូច វលក័្ខណ





