មន្ទីរកិច្ចការនារីខេត្តកំពង់ធំបើកយុទ្ធនា ការអប់រំសហគមន៍ ស្ដីពី ជំងឺមហារីកមាត់ស្បូនមហារីកសុដន់ អាហារូបត្ថម្ភនិងចំណេះដឹងហិរញ្ញវត្ថុនៅឃុំមានជ័យ ស្រុកសណ្តាន់
AKPកំពង់ធំ ថ្ងៃទី២២ ខែសីហាឆ្នាំ២០២៦----
ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត AIA មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកយុទ្ធនាការអប់រំសហគមន៍ ស្ដីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំ ណេះដឹងហិរញ្ញវត្ថុ នៅសាលាឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំកាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៦ក្រោមអធិបតីភាពលោកស្រីស៊ូ ផារិនអនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំនិងដោយមានការអញ្ជើញចូលរួមអំពី លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្តាន់ លោកសេត ចាន់បូរ៉ា តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកសណ្តាន់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ អ្នកគ្រូមណ្ឌលសុខភាពមានជ័យ មេភូមិ អនុភូមិ សមាជិកភូមិ នឹងប្រជាពលរដ្ឋ សរុបចំនួន២២៦នាក់ (ស្រី២០១នាក់)។
លោកស្រី ឡាក់ សៅចាន់បានលើកឡើងថា ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ កំពុងតែក្លាយទៅជាជំងឺ ដ៏គួរឱ្យមានការព្រួយបារម្ភ ពីព្រោះថាវាកំពុងតែមានការកើនឡើងជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះសុំឱ្យបងប្អូនដែលជាស្ត្រីនិងក្មេងស្រី ត្រូវតែគិតគូរអំពីបញ្ហាសុខភាពរបស់ខ្លួន តាមរយៈការរស់នៅជាប្រចាំថ្ងៃ ដោយបរិភោគនៅអាហារដែលមានអនាម័យត្រឹមត្រូវ មានជីវជាតិគ្រប់គ្រាន់ និងឆ្លៀតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ ដើម្បីដឹងពីស្ថានភាពរបស់ខ្លួន និងព្យាបាលឱ្យទាន់ពេលវេលា។
លោកសេត ចាន់បូរ៉ា តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានមាន ប្រសាសន៍ថា សូមឱ្យបងប្អូនប្រជា ពលរដ្ឋទាំងអស់ ដែលមានជំងឺ ត្រូវទៅរកគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីព្យាបាលឱ្យទាន់ពេលវេលា។សូមយកចិត្តទុកដាក់ទៅលើជំងឺមហារីកសុដន់ ជំងឹមហារីកមាត់ស្បូន ពីព្រោះជំងឺទាំងនេះអាចឆក់យកអាយុជីវិតបងប្អូនប្រជាពលរដ្ឋបាន ប្រសិនបើមិនបានដឹងនឹងព្យាបាលមិនទាន់ពេលវេលា។


លោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំបានលើកឡើងថា តាមរយៈគម្រោងលើកកម្ពស់សុខភាពនិងហិរញ្ញវត្ថុ សម្រាប់ស្ត្រីនៅកម្ពុជា បានបង្ហាញពីភាពជាដៃគូសំខាន់ រវាងរាជ រដ្ឋាភិបាលនិងវិស័យឯកជន និងបញ្ជាក់ច្បាស់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ប់អាយុជីវិត AIA ក្នុងការចូលរួមចំណែក លើកកម្ពស់សមភាពយេនឌ័រនិងសិទ្ធិស្ត្រី នៅក្នុងវិស័យសុខភាព ជាពិសេស ការប្រយុទ្ធប្រឆាំង នឹងជំងឺមិនឆ្លងដែលបច្ចុប្បន្ននេះ ជំងឺមិនឆ្លង កំពុងតែផ្ដល់ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាជន នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជាជាពិសេស ស្ត្រីនិងក្មេងស្រី។
យុទ្ធនាការនេះផងដែរនិងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនគោលដៅ និងបានចូលរួមកាត់បន្ថយ អត្រាស្លាប់ របស់ប្រជាជនដោយសារជំងឺមិនឆ្លង។ពីព្រោះថា៨០% នៃជំងឺមិនឆ្លង គឺអាចការពារបានបើសិនជាមានការអន្តរា គមន៍ដែលមានប្រសិទ្ធភាពខ្ពស់និងព្យាបាលឱ្យទាន់ពេលវេលា សូម្បីតែអ្នកជំងឺដែលមានជំងឺមិនឆ្លងរួចទៅហើយនោះ ក៏អាចរក្សាសុខភាពបានល្អ ជាធម្មតា ជាមួយនឹងសមាជិកគ្រួសារនិងសង្គម តាមរយៈ ការគ្រប់គ្រងខ្លួនឯង ដោយកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ ការប្រើប្រាស់អំបិលច្រើន និងជាតិខ្លាញ់ក្នុងអាហារច្រើននិងការធ្វើលំហាត់ប្រាណជាប្រចាំនិងទៀងទាត់ជាដើម។ហើយជំងឺមហារីកមាត់ស្បូន មានថ្នាំសម្រាប់ចាក់ការពារ ដូច្នេះសូមឱ្យអាណាព្យាបាលយកកូនស្រីដែលមានអាយុចាប់ពី៩ឆ្នាំ ដល់ ១៣ឆ្នាំ ទៅចាក់ថ្នាំការពារជំងឺមហារីកមាត់ស្បូន ដើម្បីបង្ការនូវជំងឺនេះ។


ក្នុងនោះលោកស្រីអនុប្រធានមន្ទីរ ក៏បានលើកឡើងពីអាហារូបត្ថម្ភ អាហារ៣ក្រុម ឱកាសមាស១០០០ថ្ងៃរបស់ទារក និងបញ្ហាការកើតស្លាប់ នឹងស្លាប់កើតរបស់ទារកក្នុងឆ្នាំ២០២៥ មានការកើនឡើង ដូច្នេះដើម្បីកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់របស់ទារក លោកស្រីបានជំរុញឱ្យស្រ្តីដែលមាន ផ្ទៃពោះទាំងអស់ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យនិងលើកទឹកចិត្តឱ្យស្រ្តីគ្រប់រូបថែទាំសុខភាព មានអនាម័យល្អ។លោកស្រីមានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ ពេលដែលបងប្អូនត្រឡប់ទៅផ្ទះវិញ ហ្នឹងយកចំណេះដឹងទាំងនេះទៅអនុវត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន និងចែករំលែកបន្ត ក្នុងគោលបំណងដើម្បីឱ្យបងប្អូនដែលជាស្ត្រីនិងក្មេងស្រី មានសមត្ថភាពចេះពិនិត្យស្ទាបរកជំងឺមហារីកសុដន់ ដោយខ្លួនឯងហើយទទួលបានការព្យាបាលទាន់ពេលវេលា កាត់បន្ថយអត្រានៃការស្លាប់ដោយសារជំងឺមិន ឆ្លង៕
ដោយ៖ ស៊ុម វណ្ណា





