សក្តានុពលធម្មជាតិ ទេសចរណ៍ និងការចូលរួមរបស់សហគមន៍ គឺជាគន្លឹះឈានទៅរកការអភិរក្សប្រកបដោយចីរភាព
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្មត្រូវបានចាត់ទុកជាជំហានសំខាន់មួយក្នុងការរួមបញ្ចូលគ្នារវាងការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈសហគមន៍ត្រូវបានលើកទឹកចិត្តឱ្យក្លាយជាតួអង្គសំខាន់ក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិរបស់ខ្លួន។
លោក សុក រិទ្ធី អភិបាលរងស្រុកភ្នំស្រុកបានលើកឡើងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី«ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម» ដែលបានរៀបចំឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះ ត្រូវបានរៀបចំដោយអង្គការក្រុមទ្រទ្រង់ភូមិ (VSG) ដោយមានការសម្របសម្រួលធ្វើបទបង្ហាញពីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងមានការចូលរួមពីមន្ត្រីរដ្ឋបាលជលផលខេត្ត មេភូមិទាំង៨ មន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពអាងត្រពាំងថ្ម គណៈកម្មការសហគមន៍ ព្រមទាំងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងភាគីពាក់ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះ លោក សុក រិទ្ធី បានផ្តោតសំខាន់លើការចូលរួមរបស់ប្រជាពលរដ្ឋ និងសហគមន៍ក្នុងការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម ដោយចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព មិនអាចពឹងផ្អែកតែលើស្ថាប័នរដ្ឋ ឬអង្គការដៃគូតែមួយឡើយ ប៉ុន្តែត្រូវការការចូលរួមយ៉ាងសកម្មពីសហគមន៍ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ។
លោកបានបញ្ជាក់ថា ការរៀបចំផែនការគ្រប់គ្រងសហគមន៍គឺមានសារៈសំខាន់សម្រាប់កំណត់ទិសដៅការងារឱ្យបានច្បាស់លាស់ ជាពិសេសការកំណត់អាទិភាពក្នុងការអភិរក្សធនធានធម្មជាតិ ការការពារជីវចម្រុះ ការប្រើប្រាស់ធនធានដោយមានការទទួលខុសត្រូវ និងការអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។
លោក សុក រិទ្ធី ក៏បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់យកធាតុចូលពីមូលដ្ឋានមកពិភាក្សា និងបញ្ចូលទៅក្នុងផែនការឱ្យបានជាក់ស្តែង ព្រោះសហគមន៍ជាអ្នករស់នៅជិតធនធាន និងយល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃតំបន់។ ការចូលរួមរបស់មេភូមិ គណៈកម្មការសហគមន៍ និងប្រជាពលរដ្ឋ នឹងជួយឱ្យផែនការដែលរៀបចំឡើងមានភាពសមស្របនឹងតម្រូវការរបស់មូលដ្ឋាន និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាតំបន់ដែលមានសារៈសំខាន់ទាំងផ្នែកធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងសក្តានុពលទេសចរណ៍។
អាងត្រពាំងថ្មមិនត្រឹមតែជាតំបន់មានប្រភពទឹក និងទេសភាពធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់ដែលមានសារៈសំខាន់សម្រាប់ជម្រកសត្វព្រៃ និងសត្វស្លាប ព្រមទាំងជាប្រព័ន្ធអេកូឡូស៊ីដែលមានទំនាក់ទំនងជាមួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សក្តានុពលដ៏សំខាន់មួយទៀត គឺការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងទេសចរណ៍សហគមន៍។ ទេសភាពអាងទឹក បរិយាកាសធម្មជាតិ និងជីវចម្រុះអាចក្លាយជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលចង់ស្វែងយល់ពីធម្មជាតិ សត្វស្លាប និងជីវិតសហគមន៍នៅជនបទ។
ប្រសិនបើមានការរៀបចំផែនការបានល្អ តំបន់នេះអាចបង្កើតផលប្រយោជន៍ជាច្រើនដល់មូលដ្ឋាន ដូចជា ការបង្កើតឱកាសការងារ និងមុខរបរបន្ថែមសម្រាប់ប្រជាពលរដ្ឋ ការលក់ផលិតផលក្នុងស្រុក ការផ្តល់សេវាកម្មទេសចរណ៍ និងការបង្កើនប្រាក់ចំណូលរបស់គ្រួសារ ខណៈដែលការអភិរក្សធម្មជាតិក៏ត្រូវបានពង្រឹងជាមួយគ្នា។
សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុងការប្រមូលធាតុចូល និងពិភាក្សាលើការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម។ ដំណើរការនេះមានសារៈសំខាន់ ព្រោះផែនការដែលមានការចូលរួមពីភាគីពាក់ព័ន្ធ នឹងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសក្តានុពលពិតប្រាកដរបស់តំបន់។

ការចូលរួមរបស់មន្ត្រីជលផល មន្ត្រីឧទ្យានុរក្ស មេភូមិ គណៈកម្មការសហគមន៍ អង្គការដៃគូ និងប្រជាពលរដ្ឋ អាចជួយបង្កើតយន្តការសហការមួយដែលមានភាពច្បាស់លាស់ក្នុងការការពារ និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។
ជាពិសេស ការចូលរួមរបស់សហគមន៍អាចជួយពង្រឹងការយល់ដឹងអំពីតម្លៃធនធានធម្មជាតិ និងជំរុញឱ្យប្រជាពលរដ្ឋមានស្មារតីជាម្ចាស់ក្នុងការការពារតំបន់។ នៅពេលសហគមន៍ទទួលបានផលប្រយោជន៍សមស្របពីការអភិរក្ស និងទេសចរណ៍ ពួកគេក៏នឹងមានការលើកទឹកចិត្តកាន់តែខ្លាំងក្នុងការចូលរួមទប់ស្កាត់សកម្មភាពដែលអាចប៉ះពាល់ដល់ធនធានធម្មជាតិ។
ក្នុងន័យនេះ ការអភិរក្សមិនគួរត្រូវបានមើលឃើញថា ជាការហាមឃាត់ការប្រើប្រាស់ធនធានតែមួយមុខឡើយ ប៉ុន្តែគួរត្រូវបានរៀបចំឱ្យក្លាយជាឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ដោយធានាថា ការប្រើប្រាស់ធនធានធម្មជាតិត្រូវធ្វើឡើងក្នុងកម្រិតដែលអាចរក្សាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម ក៏អាចក្លាយជាមូលដ្ឋានសម្រាប់រៀបចំផលិតផលទេសចរណ៍ដែលមានលក្ខណៈសហគមន៍ ដោយផ្តោតលើការស្វែងយល់ពីធម្មជាតិ ការមើលសត្វស្លាប ការសិក្សាអំពីប្រព័ន្ធអេកូឡូស៊ី ជីវភាពកសិកម្ម និងវប្បធម៌មូលដ្ឋាន។
ជាមួយគ្នានេះ ការរៀបចំសេវាកម្មទេសចរណ៍ត្រូវគិតគូរពីការគ្រប់គ្រងសំរាម អនាម័យ សុវត្ថិភាព ការរក្សាសណ្តាប់ធ្នាប់ និងការការពារតំបន់ស្នាក់នៅរបស់សត្វព្រៃ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក៏ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យប៉ះពាល់ដល់សោភ័ណភាព និងតម្លៃធម្មជាតិរបស់តំបន់។

ប្រសិនបើគ្រប់ភាគីអាចរួមគ្នាអនុវត្តផែនការបានល្អ អាងត្រពាំងថ្មអាចក្លាយជាតំបន់ដែលបង្ហាញពីគំរូនៃការភ្ជាប់គ្នារវាង ការអភិរក្សធម្មជាតិ ទេសចរណ៍សហគមន៍ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។
តាមរយៈសិក្ខាសាលានេះ ភាគីពាក់ព័ន្ធបានផ្តល់ធាតុចូល និងចែករំលែកទស្សនៈ បទពិសោធន៍ និងបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីធ្វើឱ្យផែនការគ្រប់គ្រងសហគមន៍អាងត្រពាំងថ្មមានលក្ខណៈជាក់ស្តែង និងអាចអនុវត្តបាន។
ជារួមការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម គឺជាជំហានមួយដែលមានសារៈសំខាន់ក្នុងការកំណត់អនាគតរបស់តំបន់នេះ។ ការរក្សាបាននូវធនធានធម្មជាតិ និងជីវចម្រុះ ខណៈពេលបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់ប្រជាពលរដ្ឋនឹងធ្វើឱ្យអាងត្រពាំងថ្មកាន់តែមានតម្លៃ មិនត្រឹមសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន ប៉ុន្តែសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

អាងត្រពាំងថ្មមិនមែនគ្រាន់តែជាតំបន់ធម្មជាតិ និងទេសចរណ៍មួយកន្លែងនោះទេ ប៉ុន្តែជាទ្រព្យសម្បត្តិធម្មជាតិរួម ដែលត្រូវការចូលរួមពីគ្រប់ភាគី ដើម្បីការពារ អភិរក្ស និងប្រើប្រាស់ឱ្យក្លាយជាប្រភពនៃការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត





