ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បង្កការសង្ស័យកាន់តែខ្លាំងឡើងលើវឌ្ឍនភាពនៃបទឈប់បាញ់
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ -- ការវាយប្រហារតាមអាកាសដ៏សាហាវនៅតំបន់ហ្គាហ្សាកាលពីពេលថ្មីៗនេះ បានបង្កឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងថា តើកិច្ចខិតខំប្រឹងប្រែងថ្មីរបស់សហរដ្ឋអាមេរិកអាចជំរុញបទឈប់បាញ់ដ៏ទន់ខ្សោយនៅក្នុងទឹកដីប៉ាឡេស្ទីនបានដែរឬយ៉ាងណា។
ត្រឹមតែពីរថ្ងៃបន្ទាប់ពីអ្នកចរចារបស់សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានស្នើសុំឱ្យអ៊ីស្រាអែលកាត់បន្ថយការវាយប្រហារនៅក្នុងតំបន់ហ្គាហ្សា យ៉ាងហោចណាស់មនុស្ស ១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនៅក្នុងការវាយប្រហារពីរលើក។ នេះបើយោងតាមមន្ទីរពេទ្យក្នុងស្រុក និងអង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន។ ទាហានអ៊ីស្រាអែលក៏បានឆ្លងកាត់ខ្សែបន្ទាត់ឈប់បាញ់នៅភាគខាងត្បូងហ្គាហ្សាផងដែរ ហើយបានឃុំខ្លួនវរសេនីយ៍ឯករបស់ក្រុមហាម៉ាសម្នាក់កាលពីព្រឹកព្រលឹមថ្ងៃពុធ នេះបើយោងតាមការឱ្យដឹងពីសាក្សីពីរនាក់ និងមន្ត្រីក្រុមហាម៉ាសម្នាក់។
យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារមួយកាលពីថ្ងៃពុធនៅក្នុងតំបន់ជំរំជនភៀសខ្លួន Nuseirat បានវាយប្រហារមេបញ្ជាការក្រុមហាម៉ាសម្នាក់ដែលបានចូលរួមក្នុងការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ខែតុលា ឆ្នាំ២០២៣ ដោយក្នុងនោះ មនុស្ស ១.២០០នាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់ និង ២៥១នាក់ត្រូវបានចាប់ពង្រត់។ការវាយប្រហារលើកទីពីរនៅក្នុងតំបន់ Tuffah នៃទីក្រុងហ្គាហ្សា បានវាយប្រហារពួកសកម្មប្រយុទ្ធហាម៉ាសចំនួនបួននាក់ ដែលប្រមូលផ្តុំគ្នានៅក្នុងស្ថានីយ៍ប៉ូលិសមួយ។
យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនៅមួយថ្ងៃមុននោះ បានកំណត់គោលដៅលើកិច្ចប្រជុំរបស់មេបញ្ជាការក្រុមហាម៉ាសចំនួនបួននាក់ និងពួកសកម្មប្រយុទ្ធ។
ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថាការវាយប្រហារនៅទីក្រុងហ្គាហ្សាកាលពីថ្ងៃពុធ លើស្ថានីយ៍ប៉ូលិស បានសម្លាប់មន្ត្រីប៉ូលិសចំនួនប្រាំបីនាក់ និងក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់។ ហើយកាលពីល្ងាចថ្ងៃអង្គារ ការវាយប្រហាររបស់អ៊ីស្រាអែលលើហាងកាហ្វេមួយដ៏មមាញឹកមាត់សមុទ្រ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួនប្រាំពីរនាក់ រួមទាំងកុមារម្នាក់ផងដែរ។ នេះបើយោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា។
លោក ចារ៉េដ គូស្ន័រ ដែលជាអ្នកចរចាអាម៉េរិក និងជាកូនប្រសាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួបប្រជុំគ្នាយ៉ាងស្វិតស្វាញជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទដែលលោកបានស្នើសុំឱ្យមេដឹកនាំអ៊ីស្រាអែលរូបនេះកាត់បន្ថយការវាយប្រហារលើតំបន់ហ្គាហ្សា។ នេះបើយោងតាមប្រភពមួយដែលដឹងពីកិច្ចប្រជុំនេះ។
នៅថ្ងៃពុធនោះផងដែរ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបញ្ចប់ការពិនិត្យមើលឡើងវិញនូវឧប្បត្តិហេតុចំនួន១៥០ នៃការប្រព្រឹត្តរបស់កងទ័ពក្នុងអំឡុងពេលសង្គ្រាមនៅតំបន់ហ្គាហ្សា ហើយនឹងចាប់ផ្តើមការស៊ើបអង្កេតព្រហ្មទណ្ឌលើការសម្លាប់ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ និងក្រុមគ្រួសាររបស់នាងកាលពីក្នុងឆ្នាំ២០២៤ ក៏ដូចជាការសម្លាប់គ្រូពេទ្យប៉ាឡេស្ទីនចំនួន ១៥នាក់នៅក្នុងឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





