ឯកឧត្តមអ៊ុត សំអនដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងកិច្ចប្រជុំបូកសរុបការងារត្រីមាសទី២ សម្រាប់ឆ្នាំ២០២៦ ដោយផ្តោតការយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈនិងការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ថិតនៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃរដ្ឋបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ ២០២៦នេះ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវប្រតិភូក្រសួងមហាផ្ទៃ លោក អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កងកម្លាំងទាំងបី ប្រធានមន្ទី/អង្គភាពអភិបាលក្រុង/ស្រុក លោកមេឃុំ ចៅសង្កាត់ និងសមាជិកសមាជិកាចូលរួមយ៉ាងច្រើនកុះករ។
លោក អ៊ុន បុត្ត បានថ្លែងថា ដើម្បីឱ្យលទ្ធផល នៃការអនុវត្តលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូម/ឃុំ/សង្កាត់ មានសុវត្ថិភាពកាន់តែមានភាពប្រសើរឡើង គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញការងារប្រកបដោយ ឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ដូចជាការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ជាពិសេសការផ្តល់អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅជាដើមត្រូវ បានយកចិត្តទុកដាក់ផ្តល់ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងទំនុកចិត្ត។ ល្បែងស៊ីសងខុសច្បាប់ ត្រូវតែបន្តបង្ក្រាបគ្រប់ទីកន្លែង អនឡាញស្តែម ដោយចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាល ព្រមទាំងត្រូវធ្វើការផ្សព្វផ្សាយយន្តការច្បាប់ឱ្យបានទូលំទូលាយ។

លោក អ៊ុត សំអន បានលើកឡើងពីវិធីសាស្ត្រការងារដែលអាជ្ញាធរមូលដ្ឋានត្រូវអនុវត្ត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនោះការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពត្រូវបានចាត់ទុកជាការងារដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តឱ្យបានជាក់ស្តែងនៅតាមមូលដ្ឋាន។
លោកអភិបាលរងខេត្តបានណែនាំឱ្យឃុំ សង្កាត់ទាំងអស់ត្រូវបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយត្រូវធ្វើឱ្យបានលឿនបំផុត និងមានការទទួលខុសត្រូវ។ ការផ្តល់សេវាដែលមានប្រសិទ្ធភាព មិនត្រឹមតែជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអ៊ុត សំអនបានគូសបញ្ជាក់ពីសារៈសំខាន់នៃការខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យទទួលបានលទ្ធផលប្រសើរ។ ការជំរុញការងារទាំងនេះ ត្រូវបានដាក់ក្នុងបរិបទនៃការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលតម្រូវឱ្យអាជ្ញាធរ និងកងកម្លាំងនៅគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់លើសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានជំរុញឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធបំពេញការងារដោយស្មារតីទទួលខុសត្រូវ និងខិតខំដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ស្របតាមតួនាទី និងសមត្ថកិច្ចរបស់ខ្លួន៕
ដោយ ស៊ុម វណ្ណា





