ក្រសួងវប្បធម៌ និង ក្រសួងទេសចរណ៍ បើកសិក្ខាសាលាថ្នាក់ជាតិរួមគ្នាស្តីពីការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈនិងក្រសួងទេសចរណ៍បានរួមគ្នាបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការជំរុញទេសចរណ៍ភាពយន្ត នៅកម្ពុជាដែលរៀបចំឡើងនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប។

ក្នុងពិធីដែលបានរៀបចំឡើងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះដែរ គេឃើញមានការចូលរួមពីសំណាក់ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា។

ក្រសួងវប្បធម៌បានឱ្យដឹងថា ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ ក្រុមការងារអន្តរក្រសួង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមទេសចរណ៍ សមាគមភាពយន្តកម្ពុជា សមាគមសិល្បករ ផលិតករភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណជាង ២០០នាក់។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្តីពីការជំរុញទេសចរណ៍ភាពយន្ត គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ធ្វើជាស្ពានតភ្ជាប់ និងបង្កើតកិច្ចសន្ទនារវាងស្ថាប័នរដ្ឋ ប្រតិបត្តិករក្នុងឧស្សាហកម្មភាពយន្ត និងឧស្សាហកម្មទេសចរណ៍ ដើម្បីរួមគ្នាស្វែងរកកាលានុវត្តភាព ដោះស្រាយបញ្ហាប្រឈម និងកំណត់វិធានការគន្លឹះ សំដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង៕

ដោយ៖មករា





