រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំស្ដីពីការពិនិត្យសារធាតុញៀនចំពោះមន្ត្រីរាជការ
AKP កំពង់ឆ្នាំង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីបើកកិច្ចប្រជុំពិភាក្សាការងារពិនិត្យសារធាតុញៀនចំពោះមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញខេត្ត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។ពិធីនេះមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអភិបាលក្រុង ស្រុកជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំងបានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជានាចក្រកម្ពុជា និងមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការដោយផ្ទាល់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ពិសេសផ្ដោតលើការដាក់ចេញផែនការយុទ្ធសាស្ដ្រ សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបោសសម្អាតគ្រឿងញៀនចេញពីប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះលោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាអនុវត្តតាមផែនការ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀនក្នុងខេត្ត។ គោលបំណងរបស់យើងគឺឆ្លុះបញ្ចាំងឱ្យឃើញ ពីតម្រូវការចាំបាច់ប្រកបដោយតម្លាភាពនៃការចូលរួមគាំទ្រទៅវិញទៅមករវាងផ្នែកអនុវត្តន៍ច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ ។ ការអនុវត្តន៍របស់យើងគឺផ្សាភ្ជាប់ជាមួយនឹងពាក្យស្លោក "ចូលរួមគ្នាលុបបំបាត់គ្រឿងញៀនដើម្បីអនាគតកូនចៅរបស់យើង" ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពលខាងមុខ ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលរងបានធ្វើការក្រើនរំលឹកដល់គ្រប់ក្រសួងមន្ទីរ ស្ថាប័ន ត្រូវបន្តអនុវត្តគោលការណ៍ បង្កើនការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមនិងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ ប្រកបដោយការទទួលខុសត្រូវ រវាងការទប់ស្កាត់ តម្រូវការ និងការទប់ស្កាត់ការផ្គត់ផ្គង់គ្រឿងញៀននៅក្នុងមូលដ្ឋាន និងទទួលបានមកវិញនូវជីវភាពធូរធាជូនប្រជាពលរដ្ឋ៕

ដោយ បៃ ស៊ីថុន





