អង្គការ FAO រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលាងសម្អាតមេរោគផ្តាសាយបក្សី (HPAI) នៅខេត្តកំពង់ចាម
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ការកសាងជំនាញសម្រាប់ការសម្អាតមេរោគ មេរោគផ្តាសាយបក្សី (HPAI) ប្រកបដោយសុវត្ថិភាព ការការពារសុខភាពសត្វស្លាប ជីវភាពរស់នៅ និងសហគមន៍ មិនត្រឹមតែទាមទារឱ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនៅពេលមានការផ្ទុះឡើងនៃជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារឱ្យមានចំណេះដឹង ជំនាញ និងការសម្របសម្រួលចាំបាច់សម្រាប់ការត្រៀមខ្លួនទុកជាមុនផងដែរ ។

ក្នុងបរិបទនេះ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ដោយសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកំពុងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពីការលាងសម្អាតមេរោគផ្តាសាយបក្សីដែលមានកម្រិតបង្កជំងឺខ្ពស់ (HPAI) នៅខេត្តកំពង់ចាម កាលពីថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ ២០២៦ ដោយមានអ្នកចូលរួមប្រមាណជា៣៧នាក់មកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ការិយាល័យសុខភាព និងផលិតកម្មសត្វប្រចាំខេត្ត និងអង្គការ FAO កំពុងទទួលបានចំណេះដឹងជាក់ស្តែង ដោយផ្អែកលើគោលការណ៍ណែនាំបច្ចេកទេសដែលបានធ្វើបច្ចុប្បន្នភាពរបស់អង្គការ FAO និង GDAHP ស្តីពីការលាងសម្អាតមេរោគសម្រាប់ជំងឺ HPAI។

ប្រទេសកម្ពុជាបានកត់ត្រានូវការផ្ទុះឡើងនៃជំងឺ HPAI ចំនួន ៣៦ករណីក្នុងឆ្នាំ២០២៥ ខណៈដែលការផ្ទុះឡើងនៃជំងឺនេះត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន១៥ នៅអំឡុងឆ្នាំ ២០២៤-២០២៥។ បទពិសោធន៍ទាំងនេះបានបង្ហាញពីសារៈសំខាន់នៃការរក្សាការត្រៀមខ្លួនឱ្យបានល្អ និងការអនុវត្តវិធានការសុវត្ថិភាពជីវសាស្ត្រ និងវិធានការលាងសម្អាតមេរោគ ឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលបន្ថែមទៀត និងការពារសុខភាពសត្វ ក៏ដូចជាសុខភាពសាធារណៈ។ដោយបន្តពីវគ្គបណ្តុះបណ្តាលជុំទីមួយ វគ្គជុំទីពីរនេះបានពង្រីកការចូលរួមទៅដល់ខេត្តនានាដែលមិនធ្លាប់បានចូលរួមពីមុនមក។
ការបណ្តុះបណ្តាលនេះគ្របដណ្តប់លើផ្នែកសំខាន់ៗមួយចំនួន រួមមាន៖ ការវាយតម្លៃទីតាំងដែលមានការឆ្លងមេរោគ ការគ្រប់គ្រង និងការប្រើប្រាស់សារធាតុសម្លាប់មេរោគដោយសុវត្ថិភាព ការជ្រើសរើសឧបករណ៍ ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ការកម្ចាត់សត្វ (culling) និងការចោលកាកសំណល់ ព្រមទាំងការសម្អាត និងសម្លាប់មេរោគនៅទីតាំងដែលមានការឆ្លង។
អ្វីដែលសំខាន់នោះគឺថា ការបណ្តុះបណ្តាលនេះមិនត្រឹមតែផ្តល់នូវការណែនាំផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមថែមទាំងបានអនុវត្តចំណេះដឹងដែលទទួលបានតាមរយៈការអនុវត្តន៍ជាក់ស្តែងផងដែរ ដូចជាការរៀបចំសារធាតុសម្លាប់មេរោគ ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ឱ្យបានត្រឹមត្រូវ និងការអនុវត្តនីតិវិធីសម្អាត និងសម្លាប់មេរោគនៅក្នុងស្ថានភាពជាក់ស្តែង។

តាមរយៈការគាំទ្រពីកម្មវិធីសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការ FAO ការបណ្តុះបណ្តាលនេះបានរួមចំណែកកសាងកម្លាំងការងារផ្នែកសុខភាពសត្វដែលមានការត្រៀមខ្លួន និងមានការសម្របសម្រួលបានល្អប្រសើរ ព្រមទាំងមានជំនាញក្នុងការអនុវត្តន៍វិធានការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅពេលចាំបាច់។
តាមរយៈការវិនិយោគលើការត្រៀមខ្លួនទុកជាមុននៅពេលនេះ កម្ពុជាកំពុងកសាងសមត្ថភាពដើម្បីឆ្លើយតបដោយមានទំនុកចិត្តខ្ពស់ជាងមុននៅថ្ងៃអនាគត ព្រមទាំងការពារសុខភាពសត្វ ជីវភាពរស់នៅ និងសហគមន៍ ដោយអនុវត្តតាមវិធីសាស្ត្រ «សុខភាពតែមួយ» (One Health) ៕
ដោយ ណយ នឿន (ប្រភព៖FAO)





