កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពី «មូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត (AI)»
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ — លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពក្នុងការបើកវគ្គផ្សព្វផ្សាយ ស្តីពី «មូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៩០នាក់ ដែលក្នុងនោះក៏មានការចូលរួមពីក្រុមប្រតិបត្តិសាខា រាជធានីភ្នំពេញ កណ្តាល និងសាខាខេត្តកំពង់ស្ពឺ ព្រមទាំងអ្នកស្ម័គ្រចិត្ត និងយុវជនផងដែរ។


វគ្គនេះ មានការសម្របសម្រួលបច្ចេកទេសពីសំណាក់លោកសាស្ត្រាចារ្យ កៀន តាក់ សាកលវិទ្យាធិការរង និងក្រុមការងារបច្ចេកទេសមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងសមត្ថភាពមន្ដ្រី បុគ្គលិក ឱ្យមានសមត្ថភាព និងចំណេះដឹងថ្មីៗក្នុងការសម្រេចចិត្ត វិភាគទិន្នន័យ និងងាយស្រួលក្នុងការសិក្សាស្រាវជ្រាវក្នុងបរិវត្តកម្មបច្ចេកវិទ្យាឌីជីលថល និងស្របតាមតម្រូវការជាក់ស្ដែង ជូនមន្រ្តី-បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងការបំពេញការងារមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។


លោកជំទាវអគ្គលេខាធិការ ជំរុញ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត យកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេស និងសាកសួរបន្ថែមក្នុងករណីមិនច្បាស់នូវចំណុចណាមួយនៃមេរៀនដ៏មានសារសំខាន់នេះ។
តាមរយៈវគ្គផ្សព្វផ្សាយនេះ មន្ត្រីកាកបាទក្រហមកម្ពុជា មិនត្រឹមតែទទួលបាននូវចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រមួយក្នុងការត្រៀមខ្លួនបត់បែនតាមបរិវត្តកម្មឌីជីថល ដើម្បីបម្រើការងារមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





