ឯកឧត្ដម នេត្រ ភក្រ្ដា លើកឡើងពីសារៈសំខាន់លើចំណេះដឹងបច្ចេកទេស និងជំនាញថតរូប ដល់មន្រ្ដីក្របខ័ណ្ឌក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពសារជារូបភាព ឆ្លើយតបទៅនឹងការវិវត្ដបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងលើសារៈសំខាន់នៃការពង្រឹងចំណេះដឹង បច្ចេកទេស និងជំនាញរបស់មន្ត្រីថតរូបក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពសារជារូបភាព ឆ្លើយតបទៅនឹងការវិវត្ដនៃបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសារព័ត៌មាន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញថតរូប» ជូនមន្ត្រីផ្នែករូបថត នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) វិទ្យុជាតិកម្ពុជា (RNK) និងមន្ត្រីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកថតរូបគឺជាអ្នកនាំសារដ៏សំខាន់មួយ តាមរយៈសារជារូបភាព ព្រោះរូបថតមិនត្រឹមតែបង្ហាញពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «នៅពេលមានព្រឹត្តិការណ៍ ឬហេតុការណ៍ណាមួយកើតឡើង អ្នកថតរូបត្រូវចេះជ្រើសរើសទីតាំង មុំថត និងរៀបចំប្លង់ឱ្យបានល្អ ដើម្បីឱ្យរូបភាពអាចបង្ហាញអត្ថន័យបានច្បាស់ និងឆ្លើយតបទៅនឹងប្រធានបទដែលត្រូវផ្សព្វផ្សាយ»។

ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថា ការជ្រើសរើសរូបថតសម្រាប់ផ្សព្វផ្សាយក្នុងសារព័ត៌មាន ត្រូវមានការថ្លឹងថ្លែងទាំងអត្ថន័យ ខ្លឹមសារ សមាសភាព និងអារម្មណ៍ដែលរូបភាពអាចបង្ហាញបាន។ ទន្ទឹមនេះ រូបភាពមិនគួរផ្តោតតែលើបរិមាណនោះទេ ប៉ុន្តែត្រូវមានគុណភាព អាចបង្ហាញពីជីវិត ភាពរស់រវើក និងសារសំខាន់នៃព្រឹត្តិការណ៍។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ក្រសួងព័ត៌មានមានសម្ភារៈ និងឧបករណ៍ថតរូបទំនើបៗគ្រប់គ្រាន់ហើយ ដូច្នេះ អ្វីដែលត្រូវផ្តោតសំខាន់បន្តទៀត គឺការពង្រឹងសមត្ថភាពមន្ត្រីឱ្យមានជំនាញ និងភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ឧបករណ៍ទំនើបទាំងនេះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា ទោះបីមានឧបករណ៍ទំនើបក៏ដោយ ប្រសិនបើអ្នកថតរូបមិនមានការអភិវឌ្ឍជំនាញ និងគំនិតច្នៃប្រឌិត នោះប្លង់រូបភាពអាចនៅតែមានលក្ខណៈដដែល និងខ្វះសោភ័ណភាព ដែលធ្វើឱ្យរូបភាពមិនមានភាពទាក់ទាញ។ «ការកសាងធនធានមនុស្សក្នុងវិស័យរូបភាព គឺជាកត្តាចាំបាច់សម្រាប់លើកកម្ពស់គុណភាពការងាររបស់ក្រសួងព័ត៌មាន»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម នេត្រ ភក្រ្ដា។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងពីសារៈសំខាន់នៃ «ចំណុចមាស» ក្នុងការថតរូប ដែលទាក់ទងនឹងការរៀបចំប្លង់ និងសមាសភាពរូបភាព។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ផងដែរថា៖ «អ្នកថតរូបត្រូវចេះរៀបចំរូបភាពឱ្យមានតុល្យភាព សមស្រប និងមានភាពទាក់ទាញ ព្រមទាំងរក្សាបាននូវភាពត្រឹមត្រូវ និងអព្យាក្រឹតភាពនៃសារដែលត្រូវបញ្ជូនទៅកាន់សាធារណជន»។

ជាមួយគ្នានេះដែរ ឯកឧត្ដម នេត្រ ភក្រ្ដា ក៏បានថ្លែងអំណរគុណចំពោះលោក ម៉ក់ រ៉េមីស្សា ដែលបានសហការជាមួយក្រសួងព័ត៌មាន ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីថតរូបរបស់ក្រសួង។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯកឧត្ដមរដ្ឋមន្រ្ដីរំពឹងថា មន្ត្រីថតរូប នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅអនុវត្តន៍ក្នុងការងារជាក់ស្តែង សំដៅលើកកម្ពស់គុណភាពរូបភាពព័ត៌មាន ឱ្យកាន់តែមានអត្ថន័យ មានសោភ័ណភាព និងមានប្រសិទ្ធភាពក្នុងការបញ្ជូនសារទៅកាន់សាធារណជន។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្ហាត់បង្រៀនដោយលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីពដ៏មានបទពិសោធន៍របស់កម្ពុជា ដែលបានចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹងការថតរូបសារព័ត៌មាន និងរូបថតសិល្បៈ ជាពិសេសការរៀបចំប្លង់ សមាសភាពរូបភាព និងការប្រើប្រាស់រូបភាពជាសារសម្រាប់ការផ្សព្វផ្សាយព័ត៌មាន។
ក្នុងបទបង្ហាញទាក់ទងនឹងការថតរូប លោក ម៉ក់ រ៉េមីស្សា បានឱ្យដឹងថា រូបថតមានតួនាទីសំខាន់ក្នុងការបញ្ជូនសារទៅកាន់សាធារណជន ហើយអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យផ្សេងៗក្នុងសង្គម។ លោកបានបង្ហាញពីទម្រង់សំខាន់ៗនៃរូបថត រួមមាន រូបថតឯកសារ រូបថតសារព័ត៌មាន និងរូបថតសិល្បៈ ព្រមទាំងបានពន្យល់ពីសារៈសំខាន់នៃសារជារូបភាព រួមមានរូបថត និងវីដេអូ ក្នុងការផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្ន៕
ដោយ៖ រិទ្ធី រូបថត៖ សិរី ឧត្ដម





