លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តផ្តល់ផ្ទះថ្មី៦ខ្នងបន្ថែមទៀតដល់គ្រួសារវីរកងទ័ពពលីក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៦ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដល់គ្រួសារវីរកងទ័ពដែលបានពលី ក្នុងបុព្វហេតុជាតិ មាតុភូមិកំពុងរស់នៅក្នុងស្រុកបសេដ្ឋ ស្រុកសំរោងទង ក្រុងឧដុង្គម៉ែជ័យ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងប្រតិភូជាច្រើននាក់ផងដែរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ក្នុងនោះលោកជំទាវក៏បានណែនាំ និងផ្តាំផ្ញើដល់គ្រួសារនៃសពវិរកងទ័ពឱ្យខិតខំប្រឹងប្រែងក្នុងការដាំដុះ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពបន្ថែម លើសពីនេះត្រូវបញ្ជូនកូនៗឱ្យចូលសិក្សារៀនសូត្រឱ្យបានគ្រប់គ្នា ដោយលោកជំទាវ បានធានាក្នុងការជួយមើលថែទាំ ការផ្ដល់ឱកាសការងារ ឬការជំរុញឱ្យមានជំនាញវិជ្ជាជីវៈ។ ទន្ទឹមនោះសម្រាប់កូនៗ លោកជំទាវនឹងជួយឱ្យពួកគេបានចូលបម្រើកងទ័ព ពេលដែលពួកគេធំនិងបានរៀនសូត្រចប់ នេះប្រសិនជាពួកគេចង់។

បន្ថែមពីនោះ លោកជំទាវបណ្ឌិតបានជំរុញ និងផ្ដាំផ្ញើដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខ និងយកចិត្តទុកដាក់នៅពេលមានជំងឺឈឺថ្កាត់ ជាងនេះត្រូវយកចិត្តទុកដាក់ណែនាំពួកគេ ឱ្យទៅរកសេវាសុខាភិបាល ហើយលោកជំទាវបានអះអាងថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិមិនបោះបង់ឬទុកពួកគេឱ្យនៅឯកោនោះទេ។

សូមបញ្ជាក់ថា ជាការគិតគូរដល់ស្ថានភាពជីវិតរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេចធិបតីបានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាផ្តល់ការណែនាំឱ្យប្រកបមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការជួយសម្រួលដល់ការផ្ទេរបណ្ណកម្មសិទ្ធិដោយមិនគិតកម្រៃសេវា រួមទាំងការប្រគល់ជូននូវមេដាយកិត្តិយសដល់វីរកងទ័ពដែលបានប្រយុទ្ធដោយផ្ទាល់ក្នុងសមរភូមិការពារទឹកដី។ ជាលទ្ធផល ក្រុមគ្រួសាររបស់វីរកងទ័ពបានប្រកបរបរចិញ្ចឹមជីវិតយ៉ាងរីកចម្រើន បានរៀបចំទុកដាក់ផ្ទះសម្បែងដោយមានការដាំដំណាំជាច្រើនមុខនៅជុំវិញផ្ទះ និងថែមទាំងបានបញ្ជូនកូនចៅទៅរៀនសូត្រគ្រប់ជ្រុងជ្រោយផងដែរ។ ក្រៅពីផ្តល់ផ្ទះថ្មី៦ខ្នងដល់គ្រួសារវីរកងទ័ពពលី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានចែកជូននូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់បន្ថែមផងដែរ៕

ដោយ៖ ម៉ែន ប៊ុនធីម





