គម្រោង 𝗦𝗖𝗔𝗟𝗘+ របស់អង្គការ FAO ដាំកូនឈើងឡើងវិញនៅតំបន់ការពារសហគមន៍ «ជីអុកបឹងព្រៃ» ខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ -- តំបន់ការពារសហគមន៍ «ជីអុកបឹងព្រៃ» ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានក្លាយជាទីកន្លែងជួបជុំសម្រាប់ប្រជាពលរដ្ឋដែលមានឆន្ទៈរួមគ្នាក្នុងការស្រឡាញ់ និងថែរក្សាធម្មជាតិ។ ព្រះសង្ឃ មន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្ស មន្ត្រីបច្ចេកទេស សមាជិកសហគមន៍ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានរួមគ្នាស្ដារឡើងវិញនូវទេសភាពធម្មជាតិដែលបានរងការខូចខាត និងការហូរច្រោះដី។
តាមរយៈការយកចិត្តទុកដាក់ និងកិច្ចសហការរួមគ្នា កូនឈើប្រភេទក្នុងស្រុកចំនួន ៥.០០០ដើម រួមមានដើមអំពិលទឹក ដើមធ្នង់ ដើមគគីរ ដើមត្រសេក និងដើមស្មាច់ ត្រូវបានដាំនៅលើផ្ទៃដីប្រហែល ២០,៣៩ហិកតា។ ប៉ុន្តែ នេះមិនមែនគ្រាន់តែជាការដាំដើមឈើចំនួន ៥.០០០ ដើមប៉ុណ្ណោះទេ កូនឈើនីមួយៗតំណាងឱ្យជំហានមួយឆ្ពោះទៅរកការស្ដារឡើងវិញនូវទីជម្រកសត្វព្រៃ ការការពារជីវចម្រុះ ការធ្វើឱ្យប្រសើរឡើងនូវសុខភាពនៃប្រព័ន្ធអេកូឡូស៊ី និងការធានានិរន្តរភាពនៃធនធានធម្មជាតិដែលសហគមន៍មូលដ្ឋានពឹងអាស្រ័យ។

នៅពេលដើមឈើទាំងនេះលូតលាស់ ពួកវានឹងក្លាយជាផ្នែកមួយនៃទេសភាពធម្មជាតិដ៏រស់រវើក ដែលអាចផ្តល់ការការពារកាន់តែប្រសើរប្រឆាំងនឹងផលប៉ះពាល់បរិស្ថាន ព្រមទាំងជួយគាំទ្រដល់សហគមន៍ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រៃឈើ។
គម្រោង 𝗦𝗖𝗔𝗟𝗘+ ផ្សារភ្ជាប់គ្នារវាងធម្មជាតិ សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជីវភាពរស់នៅរបស់ប្រជាជន។
តាមរយៈការបង្កើតទេសភាពដែលមានផលិតភាព ការស្តារប្រព័ន្ធអេកូឡូស៊ី ការអភិរក្សជីវចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព គម្រោងនេះជួយគាំទ្រដល់សហគមន៍ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយឱ្យប្រព័ន្ធអេកូឡូស៊ីងើបឡើងវិញ និងមានភាពរុងរឿង។ ដំណើរនៃការស្តារឡើងវិញនេះមិនបញ្ចប់ត្រឹមនេះទេ ដោយសកម្មភាពនានានឹងបន្តអនុវត្តនៅក្នុងតំបន់ការពារ និងតំបន់អភិរក្សសត្វព្រៃ ក្នុងតំបន់បម្រុងជីវមណ្ឌលបឹងទន្លេសាប ដែលគ្របដណ្តប់លើខេត្តព្រះវិហារ កំពង់ធំ និងសៀមរាប ដើម្បីជួយស្តារគម្របព្រៃឈើ អភិរក្សធនធានធម្មជាតិ និងកសាងភាពធន់សម្រាប់សហគមន៍ដែលរស់នៅក្បែរតំបន់ទេសភាពដ៏មានតម្លៃទាំងនេះ។

ចំណុចសំខាន់បំផុត គឺគម្រោង 𝗦𝗖𝗔𝗟𝗘+ រំលឹកយើងថា ការស្តារធម្មជាតិ និងការកសាងសហគមន៍ដែលមានភាពធន់ គឺជាកិច្ចការដែលត្រូវធ្វើឡើងទន្ទឹមគ្នា។ នៅពេលដែលសហគមន៍ ស្ថាប័ន និងដៃគូសហការគ្នា ទេសភាពដែលធ្លាប់តែរងការខូចខាតអាចប្រែទៅជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏បៃតង មានសុខភាពល្អ និងមាននិរន្តរភាពជាងមុន។ ថ្ងៃនេះ យើងដាំដើមឈើ នៅថ្ងៃស្អែក ព្រៃឈើទាំងនេះនឹងក្លាយជាជម្រកសម្រាប់ជីវចម្រុះ ជួយទ្រទ្រង់ជីវភាពរស់នៅ និងពង្រឹងភាពធន់សម្រាប់មនុស្សជំនាន់ក្រោយ។
គម្រោង SCALE+ ដឹកនាំដោយក្រសួងបរិស្ថាន ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO ប្រចាំកម្ពុជា និងការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិបរិស្ថានសកល៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ FAO)





