សត្វរនាល ស មានវត្តមានជាលើកដំបូងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--ក្នុងពេលល្បាតប្រចាំខែដែលគាំទ្រដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife មន្ត្រីតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មន្ទីរបរិស្ថានខេត្តតាកែវ បានរកឃើញ និងកត់ត្រាវត្តមាន «សត្វរនាលស» (Milky Stork) ចំនួន ១ ក្បាល ជាលើកដំបូងនៅក្នុងតំបន់ស្នូលនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ។

ចំណុចសំខាន់ៗដែលគួរឱ្យកត់សម្គាល់ កំណត់ត្រាប្រវត្តិសាស្ត្រនេះជាលើកដំបូងបង្អស់ ដែលសត្វស្លាបប្រភេទនេះត្រូវបានកត់ត្រាវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ហើយក៏មិនធ្លាប់មានទិន្នន័យប្រទះឃើញទាល់តែសោះ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ស្ថានភាពអភិរក្ស៖ សត្វរនាលស ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វស្លាប ជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

ការរកឃើញដ៏ពិសេសនេះ គឺជាសញ្ញាណវិជ្ជមានយ៉ាងខ្លាំង ដែលបង្ហាញពីសារសំខាន់នៃទីជម្រកនៅក្នុងតំបន់ស្នូលនិងលទ្ធផលវិជ្ជមាននៃការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមបឹងព្រែកល្ពៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រួមគ្នាសហការការពារ និងអភិរក្សធនធានធម្មជាតិបឹងព្រែកល្ពៅទាំងអស់គ្នា ៕

ដោយ៖ ណយ នឿន (ប្រភព៖NatureLife)





