ហ្វីលីពីនផ្អាកថ្នាក់រៀនដោយផ្ទាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋាភិបាលហ្វីលីពីន កាលពីពេលថ្មីៗនេះ បានផ្អាកថ្នាក់រៀនដោយផ្ទាល់នៅក្នុងទីក្រុងម៉ានីល និងខេត្តចំនួន១២ ផ្សេងទៀត ដោយសារតែភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិច និងខ្យល់មូសុងនិរតី ដែលបានបន្តបង្កឱ្យមានទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរនៅទូទាំងប្រទេស។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ដូច្នេះ សាលារៀន និងភ្នាក់ងាររដ្ឋាភិបាលនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ត្រូវបានណែនាំឱ្យអនុម័តការរៀបចំការងារជំនួស លើកលែងតែសេវាកម្មជួរមុខ ដូចជា សុខភាព ការឆ្លើយតបគ្រោះមហន្តរាយ និងមុខងារសំខាន់ៗផ្សេងទៀត។
យ៉ាងហោចណាស់មានទីក្រុង និងទីប្រជុំជនចំនួន៥០ បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយ ដោយបានដាក់ទីក្រុងទាំងអស់នៅក្រោមស្ថានភាពនេះ។ នេះបើយោងតាមការិយាល័យការពារជនស៊ីវិល (OCD) ប្រទេសហ្វីលីពីន។
ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរនៅទូទាំងប្រទេសហ្វីលីពីន។ រឿងអាស្រូវពុករលួយក្នុងការគ្រប់គ្រងទឹកជំនន់ដ៏ល្បីល្បាញ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមិនទាន់បានបញ្ចប់ ឬមិនបានថែទាំល្អ ដែលកាន់តែធ្វើឱ្យការឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកាន់តែតានតឹង។
ស្ថិតិពីការិយាល័យ OCD បានបង្ហាញថា មនុស្សប្រហែល ៥,០៨លាននាក់នៅក្នុងតំបន់ចំនួន១០ នៅទូទាំងប្រទេសហ្វីលីពីន បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិច និងភ្លៀងមូសុង។
ប្រជាជនប្រហែល ១,៤៥លានគ្រួសារបានរងផលប៉ះពាល់ ខណៈដែលមនុស្សចំនួន ២៤.៨៩៣នាក់បានស្វែងរកជម្រកនៅមជ្ឈមណ្ឌលជម្លៀសចំនួន ៥២៣កន្លែង។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានផ្តល់ជំនួយចំនួន ៧៣៤,១លានប៉េសូ (ប្រហែល ១១,៩៣លានដុល្លារអាម៉េរិក) សម្រាប់ប្រជាជនដែលរងផលប៉ះពាល់។ នេះបើយោងតាមការិយាល័យ OCD ។
អាកាសធាតុអាក្រក់បានបណ្តាលឱ្យមនុស្ស ២៣នាក់ស្លាប់ ១៧នាក់រងរបួស និងម្នាក់បាត់ខ្លួន។ គិតត្រឹមថ្ងៃទី១៧ ខែសីហា គ្រោះមហន្តរាយក៏បានបំផ្លាញផ្ទះចំនួន ១.៨៦៣ខ្នង រួមទាំងផ្ទះចំនួន ១៨២ខ្នងត្រូវបានបំផ្លាញទាំងស្រុង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





