ពាណិជ្ជកម្មអេឡិចត្រូនិកជួយជំរុញការនាំចេញសម្រាប់ធុរកិច្ចម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនកំពុងលេចចេញជាច្រកទ្វារដ៏សំខាន់មួយសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) របស់ប្រទេសម៉ាឡេស៊ី ដើម្បីចូលទៅកាន់ទីផ្សារសកលលោក ដោយកម្មវិធី eTRADE 2.0 ដែលបង្កើតប្រាក់ចំណូលនាំចេញជាក់ស្តែងប្រមាណជិត ១១០លានដុល្លារអាម៉េរិក។
កម្មវិធីដែលដឹកនាំដោយសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មខាងក្រៅម៉ាឡេស៊ី (Matrade) នេះ បានគាំទ្រដល់ MSMEs ជាង ២.០០០ តាមរយៈជំនួយឥតសំណង ការបណ្តុះបណ្តាល ការណែនាំបច្ចេកទេស និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព។
យោងតាមការរកឃើញពីកម្មវិធី eTRADE 2.0 បានឱ្យដឹងថា ក្រុមហ៊ុនដែលចូលរួមបានពង្រីកទៅកាន់ទីផ្សារនាំចេញចំនួន១៦៣ រួមទាំងគោលដៅដែលមិនសូវមានលក្ខណៈប្រពៃណីដូចជាកោះរើនីញាន កោះគីរីបាទី និងកោះណូរូ ជាដើម។
អាស៊ាននៅតែជាគោលដៅនាំចេញសំខាន់ ដោយមានក្រុមហ៊ុនចូលរួមប្រហែល ៣០% ដែលបានពង្រឹងវត្តមានរបស់ពួកគេនៅក្នុងតំបន់។
ការសិក្សាក៏បានរកឃើញផងដែរថា អាហារ ភេសជ្ជៈ ផលិតផលឱសថ និងគ្រឿងសំអាង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងផលិតផលប្លាស្ទិក គឺជាប្រភេទផលិតផលដែលមានដំណើរការល្អបំផុត។
វាបានកត់សម្គាល់ថា យ៉ាងហោចណាស់មានផលិតផលថ្មីចំនួន៨៥២ ត្រូវបានចុះបញ្ជីនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិ ដែលពង្រីកវត្តមានផលិតផលម៉ាឡេស៊ីបន្ថែមទៀតនៅក្នុងទីផ្សារពិភពលោក។
កម្មវិធីនេះក៏បានជួយបង្កើតការងារផងដែរ ដោយមានមុខតំណែងយ៉ាងហោចណាស់ ៦៦១កន្លែង ដែលបានបង្កើតក្នុងចំណោមក្រុមហ៊ុនដែលចូលរួម។ គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច Alibaba.com បានកត់ត្រាតម្លៃនាំចេញខ្ពស់បំផុតក្នុងចំណោមអាជីវកម្មដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





