ការចំណាយសាធារណៈលើការអប់រំនៅប៊ុលហ្គារីឈានដល់ ៤,៤៤% នៃផលិតផលក្នុងស្រុកសរុបនៅក្នុងឆ្នាំ២០២៣
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- ការចំណាយសាធារណៈសម្រាប់វិស័យអប់រំនៅក្នុងប្រទេសប៊ុលហ្គារី មានចំនួន ៤,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ នៅពេលដែលវាមាន ៣,៤៨% មានការកើនឡើង ០,៩២% ក្នុងរយៈពេលនេះ។
យោងតាមទិន្នន័យរបស់ Eurostat បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការចំណាយសាធារណៈលើវិស័យអប់រំ (ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់ឧត្តមសិក្សា) នៅក្នុងសហភាពអឺរ៉ុប មានចំនួន ៤,៧% នៃផលិតផលក្នុងស្រុកសរុប (GDP)។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ តួលេខនេះមិនមានការផ្លាស់ប្តូរទេ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ វាតំណាងឱ្យការថយចុះបន្តិចបន្តួចត្រឹម ០,៣% ពីឆ្នាំ២០២០ (៥,០%) ដែលជាឆ្នាំដែលមានការចំណាយសាធារណៈខ្ពស់បំផុតលើវិស័យអប់រំ ចាប់តាំងពីការប្រមូលទិន្នន័យត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១២។
ក្នុងចំណោមប្រទេសនៅសហភាពអឺរ៉ុប ការចំណាយសាធារណៈខ្ពស់បំផុតលើវិស័យអប់រំទាក់ទងនឹងផលិតផលក្នុងស្រុកសរុប ត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសស៊ុយអែត (៦,៨%) បន្ទាប់មក គឺប្រទេសហ្វាំងឡង់ (៦,៣%) និងប៊ែលហ្ស៊ិក (៦,២%)។ កម្រិតទាបបំផុតត្រូវបានចុះបញ្ជីនៅក្នុងប្រទេសរ៉ូម៉ានី (៣,០%) ក្រិក (៣,៣%) និងម៉ាល់តា (៣,៤%)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





