មីយ៉ាន់ម៉ារាយការណ៍ករណីជំងឺរាករូសធ្ងន់ធ្ងរជាង ៥០០ករណីដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា មនុស្សជាង ៥០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺរាករូសធ្ងន់ធ្ងរនៅក្នុងទីក្រុងយ៉ាំងហ្គោនរបស់ប្រទេសមីយ៉ាន់ម៉ា ហើយប្រហែល ១៥០នាក់បានធ្វើតេស្តវិជ្ជមានចំពោះមេរោគអាសន្នរោគ។
លោក បូ តាយ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃតំបន់យ៉ាំងហ្គោន បាននិយាយថា អ្នកជំងឺចំនួនប្រាំបួននាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យត្រូវបានបញ្ជាក់ថា ជាករណីអាសន្នរោគ «Vibrio» ដោយមន្ទីរពិសោធន៍សុខភាពជាតិ។
លោក តាយ បាននិយាយថា អ្នកជំងឺថ្មីជាង ១០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីសប្តាហ៍មុន ប៉ុន្តែអត្រានៃការឆ្លងថ្មីបានថយចុះចាប់តាំងពីពេលនោះមក។
អាជ្ញាធរសុខាភិបាលកំពុងធ្វើការឃ្លាំមើលរោគរាតត្បាត និងដាក់ចេញវិធានការគ្រប់គ្រងការផ្ទុះឡើងនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
ជំងឺអាសន្នរោគ គឺជាការឆ្លងមេរោគរាគធ្ងន់ធ្ងរដែលបណ្តាលមកពីការទទួលទានអាហារ ឬទឹកដែលមានមេរោគ ដែលអាចបណ្តាលឱ្យស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រសិនបើមិនបានទទួលការព្យាបាល។ អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកជំងឺអាសន្នរោគជាការគំរាមកំហែងសុខភាពសាធារណៈជាសកលដ៏សំខាន់មួយ ហើយបានភ្ជាប់ការរីករាលដាលរបស់វាទៅនឹងការទទួលបានទឹកស្អាត អនាម័យ និងការថែទាំសុខភាពមិនគ្រប់គ្រាន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





