ឯកឧត្តម គន់ គីម ចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយគ្រោះរាំងស្ងួត ក្នុងស្រុកបាកាន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦–ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារជួបពិភាក្សា ដើម្បីវាយតម្លៃផលប៉ះពាល់ ព្រមទាំងចុះពិនិត្យជាក់ស្តែងការខូចខាតដំណាំស្រូវ ដោយគ្រោះរាំងស្ងួត ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណងពិនិត្យលទ្ធភាពអន្តរាគមន៍ និងស្តារការដាំដុះឡើងវិញរបស់ប្រជាកសិករ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់ក្រុមការងារឱ្យបន្តពិនិត្យលទ្ធភាពផ្តល់ពូជស្រូវសម្រាប់ស្តារការដាំដុះ និងស្បៀងជួយប្រជាកសិករ ដែលរងផលប៉ះពាល់ ខូចខាតផងដែរ ។

យោងតាមរបាយការណ៍ និងការពិនិត្យជាក់ស្តែង ស្រុកបាកាន មានឃុំចំនួន៦ បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារខ្វះភ្លៀង និងទឹក បណ្តាលឱ្យស្រូវមួយចំនួនខូចខាតមិនអាចសង្គ្រោះបាន ៕

ដោយ៖ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





