គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុចុះអប់រំរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយឆ្នេរព្រែកត្រែង
AKP ព្រះសីហនុ ថ្ងៃទី១៨ ខែសិហា ឆ្នាំ២០២៦--គណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យនគរ បាលចរាចរណ៍ផ្លូវគោក និងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦បានចុះផ្សព្វផ្សាយអប់រំណែនាំ រៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមបណ្តោយឆ្នេរព្រែកត្រែង លើម្ចាស់ និងអ្នកបើកបររថយន្តធុនធំសណ្តោងរម៉ក (រថយន្តកុងតឺន័រ) ដែលបានឈប់ចតនៅលើបណ្តោយផ្លូវឆ្នេរ និងដីចំណីផ្លូវសាធារណៈ ដោយមិនគោរពផ្លាក សញ្ញាចរាចរណ៍ ស្ថិតនៅតំបន់ឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ក្រុមការងារបានធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពសាធារណៈនៅតាមដងផ្លូវនានាក្នុងក្រុងព្រះសីហនុ ព្រមទាំងបានធ្វើការណែនាំ និងតម្រូវឱ្យអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់រកទីតាំងចំណតចតឱ្យបានត្រឹមត្រូវ ព្រមទាំងបានធ្វើការសម្របសម្រួល និងចង្អុលបង្ហាញទីតាំងចំណតផ្លូវការ មួយចំនួនជូនពួកគាត់ ដើម្បីយករថយន្តរបស់ខ្លួនចតឱ្យមានសណ្តាប់ធ្នាប់ល្អ ដើម្បីរួមគ្នាថែរក្សាទីក្រុងតំបន់ឆ្នេរទេសចរណ៍ខេត្តព្រះសីហនុ។ ព្រោះតំបន់ឆ្នេរព្រែកត្រែង ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត ម្យ៉ាងទៀតការចតរថយន្តធុនធ្ងន់យ៉ាងអនាធិបតេយ្យវាធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។
ការចុះរៀបចំសណ្តាប់ធ្នាប់សាធារណ: មន្ត្រីជំនាញបានពន្យល់ ស្តីពីច្បាប់ផ្លូវថ្នល់ និងស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់ផ្លូវសាធារណៈ និងផលប៉ះពាល់នៃការចតរថយន្តលើដីចំណីផ្លូវសាធារណជាដើម។ ជាមួយគ្នានោះដែរ ក្រុមការងារបច្ចេកទេស ក៏បានលើក យកបទប្បញ្ញត្តិ ច្បាប់ស្ដីពីផ្លូវថ្នល់ មកផ្សព្វផ្សាយយ៉ាងលម្អិត ជាពិសេសពាក់ព័ន្ធនឹងទោសប្បញ្ញត្តិ នៃការប្រព្រឹត្តល្មើសលើដីចំណីផ្លូវសាធារណៈមានដូចជាតាមមាត្រា ៧៤ (ទោសប្បញ្ញត្តិលើរូបវន្តបុគ្គល) ជន ណាដែលធ្វើសកម្មភាព នៅលើផ្លូវសាធារណៈដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងបណ្តាលឱ្យខូចខាតផ្លូវ ស្ពាន ឬការចតរថយន្តនៅ លើដីចំណីផ្លូវដែលធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវតម្រូវឱ្យធ្វើការជួសជុលស្តារឡើងវិញឱ្យដូចស្ថានភាពដើម និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន)រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល។

មាត្រា ៧៦ (ទោសប្បញ្ញត្តិលើនីតិបុគ្គល) នីតិបុគ្គលក៏អាចត្រូវទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា ៧៤ នៃច្បាប់នេះ ដោយត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន)រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល ព្រមទាំងទោសបន្ថែមមួយចំនួនទៀតដូចជា ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស, ការដាក់ឱ្យស្ថិតក្រោមការតាម ដានត្រួតពិនិត្យ, ឬការហាមឃាត់ចំពោះការធ្វើសកម្មភាពផ្សេងៗតាមកំណត់នៃក្រមព្រហ្មទណ្ឌ។

ទន្ទឹមនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានធ្វើការអំពាវនាវយ៉ាងទទូចដល់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់អាជីវកម្ម និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ ស្ដីពីផ្លូវថ្នល់ឱ្យបានខ្ជាប់ខ្ជួន។ សូមបញ្ឈប់ ឬចតរថយន្តនៅលើទ្រូងផ្លូវ និងដីចំណីផ្លូវសាធារណៈនៅតាមតំបន់ឆ្នេរ និងផ្លូវសាធារណៈនានា ដើម្បីរួម ចំណែកថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែមានសណ្តាប់ធ្នាប់នាពេលខាងមុខ សាកសមជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន ទេសចរណ៍ និងហិរញ្ញវត្ថុ ៕
ដោយ ងូ សុមុនី





