បណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាដឹកជញ្ជូនប្រេងដោយសម្ងាត់ឆ្លងកាត់ច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ -- បណ្តាប្រទេសនាំចេញប្រេងកំពុងដឹកជញ្ជូនឥន្ធនៈហ្វូស៊ីលដោយសម្ងាត់ឆ្លងកាត់ច្រកសមុទ្រហ័រមុស ដែលជាកត្តាមួយរារាំងដល់ការកើនឡើងនៃតម្លៃថាមពល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
យោងតាមទីភ្នាក់ងារសារព័ត៌មាននោះ បានឱ្យដឹងថា នាវាដឹកប្រេងមកពីអេមីរ៉ាត់អារ៉ាប់រួម កាតា និងគុយវ៉ែត បានឆ្លងកាត់ច្រកសមុទ្រនេះដោយបិទឧបករណ៍បញ្ជូនសញ្ញារបស់ពួកគេអស់រយៈពេលជាច្រើនខែមកហើយ។ ដោយសារតែលក្ខណៈសម្ងាត់នៃការធ្វើចលនាទាំងនេះ វាពិបាកក្នុងការប៉ាន់ប្រមាណបរិមាណប្រេងដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះណាស់។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Bloomberg បានកត់សម្គាល់ថា វាទំនងជាខ្ពស់ជាងបួនលានបារ៉ែលក្នុងមួយថ្ងៃដែលត្រូវបានប៉ាន់ស្មានដោយទីផ្សារ។
ទីភ្នាក់ងារសារព័ត៌មាននេះបានសង្កត់ធ្ងន់ថា ចលនារបស់នាវាបែបនេះមានហានិភ័យនៃការវាយប្រហារ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក នាវាចំនួន ២៣គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី ត្រូវបានវាយប្រហារ ដែលបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរបួស ២០នាក់។
សារព័ត៌មាន Bloomberg ក៏បានចង្អុលបង្ហាញផងដែរថា ការដឹកជញ្ជូនដោយសម្ងាត់នៃនាវាឆ្លងកាត់ច្រកសមុទ្រហ័រមុស រួមផ្សំជាមួយនឹងការដឹកជញ្ជូនតាមបំពង់បង្ហូរប្រេង មានការកើនឡើង និងការប្រើប្រាស់ទុនបម្រុងប្រេងជាតិដោយប្រទេសផ្សេងៗ ដែលកំពុងជួយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះនៅមជ្ឈិមបូព៌ា។
កាលពីដើមខែសីហា លោក គ្រីស វ្រ៉ាយត៍ រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បានថ្លែងថា ប្រេងប្រមាណប្រាំបីទៅប្រាំបួនលានបារ៉ែលកំពុងត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុសជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា យោងតាមទិន្នន័យផ្កាយរណប បានឱ្យដឹងថា ជាមធ្យម មាននាវាចំនួន ២៦គ្រឿងបានឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃកាលពីក្នុងខែកក្កដា ដែលតិចជាងប្រាំដងបើធៀបនឹងមុនពេលជម្លោះចាប់ផ្តើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





