គណៈកម្មការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំងបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណ:ជាប្រព័ន្ធ
AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានលើកឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ស្ដីពីការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការពន្លឿនចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ មានលក្ខណៈជាប្រព័ន្ធ នៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងពិធីនេះដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី តំណាងមីក្រូហិរញ្ញវត្ថុ និងប្រជាពលរដ្ឋផងដែរ ។

ក្នុងឱកាសនោះលោក លី សុភា បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធវាពិតជាមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អាចយកទៅប្រើប្រាស់ និងធ្វើជាឯកសារផ្លូវច្បាប់។ ក្នុងការគ្រប់គ្រងអត្តសញ្ញាណដី ទំហំដី នៅក្នុងមូលដ្ឋាន និងជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់មកចុះបញ្ជីដីធ្លី តាមអនុក្រឹត្យនិងឧបសម្ព័ន្ធនិយាមការច្បាស់លាស់ក្នុងការកំណត់ព្រំដី សិទ្ធិអ្នកកាន់កាប់ដីធ្លី ដើម្បីកាត់បន្ថយនូវការទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។

ទន្ទឹមនឹងនេះលោកបានបន្តថា អនុលោមពិស្ដារលោកមេឃុំ សង្កាត់ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋ និងការចុះបញ្ជីដីធ្លីបំពេញបន្ថែម តាមរយៈប្រធានក្រុម ភូមិ ឃុំ សង្កាត់ ក្រុង ខេត្ត ក្នុងការគ្រប់គ្រងអត្តសញ្ញាណដី ទំហំដី នៅក្នុងមូលដ្ឋាន និងជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់មកចុះបញ្ជីដីធ្លី។ ការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាព គ្រួសារនិងក្បាលដីរដែលកំណត់ដីចំណីផ្លូវ ដើម្បីងាយស្រួលក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធបំពេញបន្ថែមជូនប្រជាពលរដ្ឋ និងរៀបចំផែនការមេក្នុងការគ្រប់គ្រងដីធ្លីនៅក្នុងឃុំ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ធ្វើតាម ដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និង ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។ នៅក្នុងចំណោម៧ភូមិស្មើនឹង ១០៦៧៥ក្បាលដី នៃឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ប្រជាពលរដ្ឋដែលត្រូវមកបំពេញសំណុំបែបបទមានចំនួន ៥១០នាក់ ៕

ដោយ បៃ ស៊ីថុន





