អង្គការ FAO ជួយការកសាងប្រព័ន្ធកសិ-ស្បៀងដែលមានភាពធន់នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--ពីការខាតបង់ និងការខូចខាតដោយសារអាកាសធាតុ ទៅជាសកម្មភាពជាក់ស្តែង ការកសាងប្រព័ន្ធកសិ-ស្បៀងដែលមានភាពធន់នៅកម្ពុជា គឺជាការងារចាំបាច់ដែលអង្គការ FAOកំពង់យកចិត្តទុកដាក់ខ្ពស់។ ទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើងនៃសីតុណ្ហភាព សត្វល្អិតចង្រៃ និងជំងឺផ្សេងៗ កំពុងជះឥទ្ធិពលដល់វិស័យកសិកម្ម ជលផល និងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ជនបទទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះ កសិករខ្នាតតូច និងសហគមន៍ងាយរងគ្រោះ គឺជាក្រុមដែលប្រឈមមុខនឹងហានិភ័យខ្ពស់ជាងគេ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរជំនាញថ្នាក់ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានមកជួបជុំគ្នារយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការខាតបង់ និងការខូចខាតដោយសារការប្រែប្រួលអាកាសធាតុនៅក្នុងប្រព័ន្ធកសិ-ស្បៀង»នៅក្នុងខេត្តសៀមរាប ដែលមានអ្នកចូលរួមប្រមាណជា៥១នាក់។

ក្នុងរយៈពេល ៣ថ្ងៃនៃសិក្ខាសាលានេះ អ្នកចូលរួមនឹងពិនិត្យមើលពីរបៀបដែលកម្ពុជាអាចធ្វើការវាយតម្លៃឱ្យកាន់តែប្រសើរឡើងនូវការខាតបង់ និងការខូចខាតដែលពាក់ព័ន្ធនឹងអាកាសធាតុ ពង្រឹងការឆ្លើយតបថ្នាក់ជាតិ និងប្រែក្លាយអាទិភាពនានាទៅជាគំនិតវិនិយោគជាក់ស្តែង។ កិច្ចពិភាក្សានេះរួមបញ្ចូលទាំងប្រធានបទស្តីពី NDC 3.0, CCAP2035 និងឱកាសនានាក្រោម «មូលនិធិសម្រាប់ឆ្លើយតបនឹងការខាតបង់ និងការខូចខាត (FRLD)»។

សិក្ខាសាលានេះក៏នឹងពិនិត្យយ៉ាងស៊ីជម្រៅផងដែរលើ «ដំណោះស្រាយផ្អែកលើធម្មជាតិ (NbS)» និងរបៀបដែលការធ្វើការងារជាមួយប្រព័ន្ធអេកូឡូស៊ីអាចជួយដល់វិស័យកសិកម្ម និងសហគមន៍ ក្នុងការឆ្លើយតបទៅនឹងហានិភ័យនៃអាកាសធាតុ។ ការចុះទស្សនកិច្ចនៅ ឃុំល្វាក្រាំង ខេត្តសៀមរាប នឹងអនុញ្ញាតឱ្យអ្នកចូលរួមសាកល្បងវិធីសាស្ត្រទាំងនេះនៅទីតាំងជាក់ស្តែង និងកំណត់រកដំណោះស្រាយដែលមានសក្តានុពល ៕

ដោយ ណយ នឿន (ប្រភព៖FAO)





