លោក ពូទីន៖ រុស្ស៊ី និងកូរ៉េខាងជើង សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីពេលថ្មីៗនេះ បាននិយាយថា ប្រទេសរបស់លោក និងកូរ៉េខាងជើង កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
នៅក្នុងសារទូរលេខមួយផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងឱកាសខួបលើកទី៨១ នៃទិវារំដោះកូរ៉េ លោក ពូទីន បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានឈានដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមិនធ្លាប់មានពីមុនមក។
លោក ពូទីន បាននិយាយនៅក្នុងសារទូរលេខ ដែលចេញផ្សាយដោយវិមានក្រឹមឡាំងថា «ប្រទេសរបស់យើងសហការយ៉ាងសកម្មនៅក្នុងគ្រប់វិស័យ ដោយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
លោកក៏បានសម្តែងទំនុកចិត្តផងដែរថា ពួកគេនឹងបន្តការងាររួមគ្នាលើបញ្ហាបន្ទាន់ៗលើរបៀបវារៈទ្វេភាគី និងអន្តរជាតិ «ដើម្បីផលប្រយោជន៍របស់ប្រជាជនរុស្ស៊ី និងកូរ៉េ ក្នុងផលប្រយោជន៍នៃការកសាងសណ្តាប់ធ្នាប់ពិភពលោក ដែលប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដ»។
ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានពង្រីកទំនាក់ទំនងនយោបាយ យោធា និងសេដ្ឋកិច្ចយ៉ាងច្រើនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ កាលពីក្នុងខែមិថុនា ឆ្នាំ២០២៤៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





