ឥណ្ឌូណេស៊ីប្រកាសអាសន្នរយៈពេល ១៤ថ្ងៃ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ី បានប្រកាសពីស្ថានភាពឆ្លើយតបក្នុងគ្រាអាសន្នរយៈពេល ១៤ថ្ងៃ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលបានវាយប្រហារកោះហ្លរេសភាគខាងកើត និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧នាក់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យ។
រដ្ឋាភិបាលខេត្តនូសាតេងហ្ការ៉ាខាងកើត បានប្រកាសនៅក្នុងក្រឹត្យមួយ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Antara ថា រយៈពេលឆ្លើយតបបន្ទាន់ត្រូវបានកំណត់ឱ្យមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
ការសម្រេចចិត្តនេះមានគោលបំណងសម្រួលដល់ការឆ្លើយតបគ្រោះមហន្តរាយ ការជម្លៀស ការចែកចាយជំនួយ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ នេះបើយោងតាមការរាយការណ៍។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តនៅថ្ងៃអាទិត្យ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ដោយការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន LPG នៅទូទាំងកោះហ្លរេស ត្រូវបានស្តារឡើងវិញ។
មនុស្សប្រមាណជិត ៦.០០០នាក់កំពុងជ្រកកោននៅតំបន់ស៊ីកកា តំបន់ម៉ាងហ្ការ៉ា តំបន់ណាហ្គេកេអូ តំបន់ប៊ីម៉ា និងតំបន់សេឡាយ៉ា។
គ្រោះរញ្ជួយដីនេះបានបំផ្លាញផ្ទះចំនួន ៩១៤ខ្នង មណ្ឌលអប់រំចំនួន៩៣ មណ្ឌលសុខភាពចំនួន៣៦ និងការិយាល័យរដ្ឋាភិបាលចំនួន៣៨។
ក្រុមហ៊ុនថាមពលរដ្ឋ Pertamina បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ថានីយប្រេងឥន្ធនៈចំនួន៣២ នៅក្នុងតំបន់កំពុងដំណើរការ ខណៈដែល ២០ទៀតនៅតែបិទដោយសារតែការខូចខាត។
ការរាយការណ៍នោះបានបន្ថែមថា ជាវិធានការបង្ការ ប្រតិបត្តិការនៅតាមហាងចែកចាយជាច្រើនត្រូវបានផ្អាកជាបណ្ដោះអាសន្នរហូតដល់ការត្រួតពិនិត្យទីតាំងត្រូវបានបញ្ចប់ និងលក្ខខណ្ឌត្រូវបានប្រកាសថាមានសុវត្ថិភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





