សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាក់ថារឿងក្តីលោកស្រី សំ សុខា មិនត្រូវបានបញ្ចប់តាមផ្លូវតុលាការទេ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំជំរុញឱ្យលោកស្រី សំ សុខា ធ្វើការសូមទោសជាសាធារណៈចំពោះការជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម។ មានមនុស្សមួយចំនួនមានយោបល់ថារឿងនេះ ត្រូវបានបញ្ចប់ហើយ ខ្ញុំសូមបញ្ជាក់ថារឿងក្តីលោកស្រីសំ សុខា មិនត្រូវបានបញ្ចប់តាមផ្លូវតុលាការទេ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា អ្នកដែលបានប្តឹងលោកស្រី សំ សុខា នៅតុលាការនៅតែអាចបន្ត ហើយតុលាការនៅតែបន្តកាត់ក្តីរវាងដើមបណ្តឹងជាមួយចុងចោទ សំ សុខា តាមនីតិវិធី និងតាមច្បាប់បន្តទៀត ព្រោះការសូមទោសរបស់លោកស្រី សំ សុខា មិនអាចរំលត់បណ្តឹង នៅតុលាការបានទេ។
សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអំពាវនាវចំពោះស្ថាប័នតុលាការពន្លឿនចាត់ការលើសំណុំរឿងនេះ ឱ្យបានឆាប់ និងស្របតាមច្បាប់»៕

ដោយ៖ រិទ្ធី




