ក្រសួងការងារសម្របសម្រួលដោះ ស្រាយកង្វល់កម្មករនៅក្រុមហ៊ុន លីស៊ុន បូយី ខ្លូស៊ីង ទទួលបានលទ្ធផលសះជា និងចូលធ្វើការវិញនៅថ្ងៃចន្ទ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦---
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ករណីតវ៉ានៅក្រុមហ៊ុនលីស៊ុន បូយី ខ្លូស៊ីង ឯ.ក បានសះជា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះជាការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរយៈអ្នកនាំពាក្យដដែលបានឱ្យដឹងថា ក្រោយមានការផ្ទុះការតវ៉ានៃកម្មករនិយោជិតនៅក្រុមហ៊ុនលីស៊ុន បូយី ខ្លូស៊ីង ឯ.ក ដែលមានទីតាំងនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីចុះទៅដោះស្រាយយ៉ាងយកចិត្តទុកដាក់ ដោយស្តាប់ពីសំណូមពររបស់កម្មករនិយោជិត និងសម្របសម្រួលដោយផ្អែកលើកត្តាច្បាប់រហូតដល់សះជា។
ក្រោយការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីក្រសួងការងារ ទាំងភាគីនិយោជក និងភាគីកម្មករនិយោជិត បានឯកភាពគ្នាលើការចរចាលើចំណុចសំខាន់ៗដូចជា ការឯកភាពឱ្យនិយោជិកជាស្ត្រីមានផ្ទៃពោះបានឈប់សម្រាកទៅពិនិត្យសុខភាព និងចេញពីធ្វើការងារមុន ១៥នាទី, ការទូទាត់ប្រាក់រង្វាន់ផលិតភាពដេរគិតជាប្រចាំថ្ងៃ, ការណែនាំដល់អ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់ឱ្យប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាសមរម្យចំពោះកម្មករនិយោជិត និងការឈប់សម្រាកព្យាបាលជំងឺដោយរក្សាប្រាក់ឈ្នួលដើម។

ជាមួយគ្នានោះ លោក ស៊ុន មេសា បានបញ្ជាក់ថា៖" «ក្រោយការដោះស្រាយដោយយកចិត្តទុកដាក់ និងយកច្បាប់ជាគោល និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីក្រសួងការងារ បងប្អូនកម្មករកម្មការិនី និងភាគីនិយោជកបានឈានដល់ការព្រមព្រៀងគ្នា និងឯកភាពចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦»។
លទ្ធផលនៃការសះជានេះគឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ដោយរក្សានូវបរិយាកាសល្អប្រសើរនៅក្នុងវិស័យការងារ ដើម្បីបង្កើនការកែប្រែជីវភាព និងបង្កើនផលិតភាពការងារដល់រោងចក្រសហគ្រាស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យដដែល៕
ដោយ៖ ប៊ុនរិទ្ធ ,ប្រភព៖ ក្រសួងការងារ




