បទល្មើសឆ្លងដែន កើតឡើងច្រើនរវាងប្រទេសកម្ពុជា -វៀតណាម- ឡាវ គឺបទល្មើសគ្រឿងញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKPភ្នំពេញថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦–
ក្នុងរយៈពេល ២ឆ្នាំមកនេះពោលគឺ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ សម្រាប់បទល្មើសឆ្លងដែនមកពីបណ្តាប្រទេសវៀតណាម -ឡាវ ឆ្លងចូលមកកម្ពុជាមានសរុប រហូតទៅដល់១៣៥៥ករណី ព្រមជាមួយការឃាត់ខ្លួនជនល្មើសសរុប ២១១៩នាក់។

ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្រោយបញ្ចប់សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល នៃ ព្រះរាជាណាចក្រកម្ពុជាឱ្យដឹងថាការជួបប្រជុំក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ គឺត្រូវបានបង្ក្រាបសំដៅធ្វើយ៉ាងណាកុំឱ្យបទល្មើសកើតឡើងច្រើន ហើយការបង្រ្កាបពិតជាទទួលបានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។

ឯកឧត្តម ជីវ កេង បានថ្លែងដោយបញ្ជាក់បន្ថែមថាតាមរយៈកិច្ចសហប្រតិបត្តិការ លើវិស័យតុលាការរវាងប្រទេសទាំងបីពោលគឺ កម្ពុជា វៀតណាម ឡាវ នេះដែរវាទាមទារកិច្ចសហការគ្នាជាចាំបាច់។ ម្ល៉ោះហើយតុលាការប្រទសនីមួយៗត្រូវយកចិត្តទុកដាក់ ដើម្បីជុំនំជំរះរឿងនេះឱ្យបានមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថាកម្ពុជាធ្វើម្ចាស់ផ្ទះសន្និសីទតុលាការជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវលើកទី ៨កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបតិ្តការក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែន។

ក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ គឺជាវេទិកាតស៊ូ និងកិច្ចសហប្រតិបត្តិការច្បាប់ ដែលប្រារព្ធឡើងជាប្រចាំដើម្បីពង្រឹងទំនាក់ទំនងការងារ ការផ្លាស់ប្តូរបទពិសោធ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនរវាងស្ថាប័នតុលាការនៃប្រទេសទាំងបី។
ក្នុងពិធីនេះដែរមានការចូលរួមពីសំណាក់ប្រធានតុលាការកំពូលទាំងបីប្រទេសគឺ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា ឯកឧត្តម ង្វៀន វ៉ាន់ក្វាង ប្រធានតុលាការប្រជាជនកំពូល នៃ សាធារណរដ្ឋសង្គមនិយម វៀតណាម និងឯកឧត្តម ផាវី ស៊ីបួលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយព្រមទាំងគណៈប្រតិភូនៃប្រទេសទាំងបីប្រទេសដើម្បីបើកកិច្ចប្រជុំរួមគ្នា៕
ដោយ៖មករា




