កាកបាទក្រហម ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាវីរ:កងទ័ពជួរមុខ សម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្ត
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦--
លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រែយ៍សាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខអ្នកស្រី ធី ចាន់នឿន អាយុ ៣៣ឆ្នាំ សព្វថ្ងៃស្នាក់នៅជាមួយម្តាយបង្កើត នាភូមិទន្លេបិទ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ជាភរិយានាយទាហានជួរមុខឈរជើងប្រចាំ ទិសប្រាសាទព្រះវិហារ សម្រាលបុត្រដោយសុវត្ថិភាពបានកូនប្រុសម្នាក់ ជាកូនទី៣ ទម្ងន់ ២,៨ គក្រ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ ទាំងស្រុង។

នាព្រឹក ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦នេះ លោកជំទាវ ប៉ាងដានី បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែល តែងតែបានណែនាំឱ្យក្រុមការងារ និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើ(គ្រួសារវីរ:កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក) ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។

ក្រុមការងារ ក៏បានផ្សព្វផ្សាយនូវសារអប់រំមួយចំនួនដល់បងប្អូនស្រ្តីជាមាតា ក្រោយសម្រាលត្រូវយកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺ ១១ មុខតាមពេលកំណត់ ហើយបន្តតាមដានសុខភាពនិងការលូតលាស់ របស់កូន រហូតកូនអាយុបានពីរឆ្នាំ ។ សូមស្ត្រីជាមាតាទាំងឡាយ ត្រូវបំបៅកូននិងទឹកដោះម្ដាយតែមួយគត់ ចាប់តាំងពីការកើតភ្លាម រហូតដល់ទារកមានអាយុ ៦ខែដោយត្រូវផ្ដល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ ។

អំណោយ រួមមាន អង្ករ ២៥គក្រ គ្រឿងឧបភោគបរិភោគ ១ឈុត ទឹកពិសាប្រណិត ២កេស ម្សៅទឹកដោះគោមាតា ផ្លែឈើស្រស់ ១កន្ត្រក សម្ភារខោអាវទារក ឃីត ស្ត្រី ១ឈុត និង ថវិកាចំនួន ៥០០,០០០រៀល ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





