រដ្ឋមន្ត្រីក្រសួងអប់រំ ប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរី
AKPភ្នំពេញថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៦–
រដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរី

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរាជរដ្ឋាភិបាលកម្ពុជា ល្ងាចថ្ងៃទី១៤ សីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៦១ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសិង្ហបុរី រៀបចំដោយស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ដោយឯកឧត្តមបានចាត់ទុកថាការចូលរួមក្នុងពិធីនេះជាការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរម្លឹកថា កម្ពុជាជាប្រទេសដំបូងគេមួយដែលបានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីក្នុងឆ្នាំ១៩៦៥ ហើយកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹងកាន់តែជិតស្និទ្ធមកទល់ពេលបច្ចុប្បន្ន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់ ជាពិសេសទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សិង្ហបុរីក្នុងឆ្នាំ២០២៤ និងទស្សនកិច្ចរបស់ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីមកកាន់កម្ពុជាក្នុងឆ្នាំ២០២៥។ បច្ចុប្បន្ន ទំនាក់ទំនងដៃគូនេះបានឈានដល់កម្រិតថ្មីមួយ តាមរយៈការកើនឡើងនៃវិនិយោគសិង្ហបុរីនៅកម្ពុជា ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាមួយជើងហោះហើរត្រង់ ៥០ជើងក្នុងមួយសប្តាហ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មថាមពលឆ្លងដែន សំដៅគាំទ្រដល់បណ្តាញអគ្គិសនីអាស៊ាន។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដែលជាសសរស្តម្ភដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយតាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) មន្ត្រីរាជការកម្ពុជាជិត ១៩.០០០នាក់ ទទួលបានការបណ្តុះបណ្តាលចាប់តាំងពីឆ្នាំ២០០០មក។
ក្នុងក្របខ័ណ្ឌតំបន់ កម្ពុជាបានសម្តែងនូវការគាំទ្រចំពោះសិង្ហបុរីក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៧ ដោយជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមិត្តភាពប្រវត្តិសាស្ត្ររវាងកម្ពុជា និងសិង្ហបុរីនឹងបន្តលូតលាស់កាន់តែរឹងមាំ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





