រដ្ឋបាលក្រុងព្រះសីហនុ ធ្វើរដ្ឋបាលចំហទីតាំងផ្ទះល្វែងចំនួន ១០ទីតាំង
AKP ខេត្តព្រះសីហនុថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៦–
រដ្ឋបាលក្រុងព្រះសីហនុ ធ្វើរដ្ឋបាលចំហទីតាំងផ្ទះល្វែងចំនួន ១០ទីតាំង រក ឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្បបច្ចេកវិទ្យា (Online Scams) និងជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែន។

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំ និងបទ បញ្ជារបស់ឯកឧត្តម អភិ បាល នៃគណៈអភិបាល ខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហដឆកនាំដោយលោក សរ កក្កដា អភិបាលក្រុង ព្រះសីហនុនៅទីតាំងផ្ទះល្វែងចំនួន ១០ទីតាំង ក្នុងប្រតិបត្តិការធ្វើរដ្ឋបាលចំហនេះ បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរកឃើញជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រតិបត្តិការធ្វើរដ្ឋបាលចំហនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន
- កុំព្យូទ័រយួរដៃចំនួន ៣០គ្រឿង
- ទូរស័ព្ទដៃចំនួន ៨៥គ្រឿង
ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២៥នាក់ ស្រី ០២នាក់ ជាជនជាតិចិន ក្នុងនោះជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១៤នាក់ ស្រី ០២នាក់ និង ១១នាក់ទៀតស្នាក់នៅគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ។

បច្ចុប្បន្នជនសង្ស័យទាំង ២៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់ ហើយសកម្មភាពធ្វើរដ្ឋបាលចំហនេះ គឺអនុវត្តដូចភ្លៀងរលឹម ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
ដោយ៖ ងូ សុមុនី





