សម្តេច ម៉ែន សំអន ជំរុញឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា បន្ដការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតឱ្យលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៥ រួមជាមួយសមជិកាសរុបចំនួន៣២នាក់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
លោកជំទាវ ចាន់ ភារី បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់សហគ្រិនស្ត្រីកម្ពុជា ដែលបានអនុវត្តកន្លងមក និងលើកឡើងអំពីប្រវត្តិ គឺចាប់ផ្តើមពីឆ្នាំ២០១១ និងបានដាក់ឱ្យអនុវត្តនៅឆ្នាំ២០១២ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយមានសមាគមសហគ្រិនស្រ្តីកម្ពុជា ការិយាល័យកណ្តាល (ភ្នំពេញ) និង សាខាខេត្តចំនួន៥ទៀត៖ សៀមរាប កំពង់ធំ កោះកុង បាត់ដំបង រតនគិរី។ សហគ្រិនស្ត្រីកម្ពុជាបានលើកទឹកចិត្ត និងស្វែងយល់អំពីបញ្ហាប្រឈម ក្នុងនោះគឺមានស្ត្រី៣០% ជួបបញ្ហាលើអាជីវកម្ម និងបញ្ហាស្វែងរកទីផ្សារ ពាក់ព័ន្ធនឹងកម្មន្តសាល និងការប្រឈមនឹងការឆបោកអនឡាញផងដែរ។ ទន្ទឹមនឹងនោះ គឺមាន១០% គឺជួបវិបត្តិផ្លូវចិត្តក្រោយវិបត្តិកូវីដ១៩ និងបញ្ហាសង្គ្រាមព្រំដែនកន្លងមក។

លោកជំទាវ ចាន់ ភារី បានបន្តទៀតថា នៅក្នុងអាណត្តិទី៥ សមាគមសហគ្រិនស្ត្រីកម្ពុជាដាក់ចេញសសរស្តម្ភចំនួន ៥ ដើម្បីធានាប្រសិទ្ធិភាពការងាររបស់ខ្លួន រួមមាន ៖ ទី១ WE Academy ៖ ផ្តោតលើការបណ្តុះបណ្តាល កសាងសមត្ថភាព ចំណេះដឹងជំនាញអាជីវកម្ម និងបច្ចេកវិទ្យា។ ទី២ WE Share (ការចែករំលែក)៖ វេទិកាចែករំលែកបទពិសោធន៍ ចំណេះដឹង និងការកសាងអភិបាលកិច្ចល្អក្នុងសហគ្រាស។ ទី៣. WE Talk (វេទិកាពិភាក្សា)៖ កិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ និងបញ្ហាប្រឈមនានាក្នុងវិស័យធុរកិច្ច។ ទី៤. WE Market Hub (មជ្ឈមណ្ឌលទីផ្សារ)៖ ការពង្រីកបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម និងឱកាសទីផ្សារផលិតផល/សេវាកម្ម និង ទី៥.WE Financial Support Hub (មជ្ឈមណ្ឌលគាំទ្រហិរញ្ញវត្ថុ)៖ ជំរុញការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ និងកិច្ចសម្រួលក្នុងការទទួលបានប្រភពទុនហិរញ្ញវត្ថុ។


ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណដល់លោកជំទាវ ចាន់ សុភារី ដែលបានដឹកនាំសមាគមសហគ្រិនស្ត្រីកម្ពុជានៅក្នុងអាណត្តិទី៥ របស់ខ្លួនទួលបានលទ្ធផលគួរជាទីមោទនៈស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ មិនត្រឹមតែប៉ុណ្ណោះក៏បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រមូលផ្តុំស្ត្រីមកពីគ្រប់បណ្តារាជធានីខេត្ត តាមរយៈការបង្កើន និងបង្កើតបាននូវកិត្តិយសសហគ្រិន ពង្រឹងទំនាក់ទំនង ក៏ដូចជាការពង្រីកអាជីវកម្មរបស់ខ្លួនឱ្យទទួលបានជោគជ័យស្របតាមការវិវត្តន៍និងការរីកចម្រើនរបស់ប្រទេស ក៏ដូចជាការវិវត្តឥតឈប់ឈររបស់បច្ចេកវិទ្យាឌីជីថល។ តាមរយៈការសំណេះសំណាលនាពេលនេះ នឹងបានចែករំលែកគ្នាអំពីស្នាដៃ និងសមិទ្ធផលកន្លងមករបស់ស្ត្រីសហគ្រិន ដែលស្ត្រីបានដឹកនាំអាជីវកម្មឆ្លងកាត់ការពុះពារការលំបាក ដើម្បីសម្រេចបានជោគជ័យមិនត្រឹមតែគ្រួសាររបស់ខ្លួនទេ តែបានជួយផ្តល់នូវការងារ សម្រាប់ប្រជាពលរដ្ឋពិសេស ស្ត្រីអាចបង្កើនចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នៅក្នុងពិធីនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានគាំទ្រនូវសសរស្តម្ភទាំង៥ ដែលសហគ្រិនស្ត្រីកម្ពុជាបានដាក់ចេញ និងរួមគ្នាអនុវត្ត និងឱ្យសម្រេចតាមផែនការដែលបានកំណត់ និងចូលរួមផ្សព្វផ្សាយនូវសមិទ្ធិផលរបស់ខ្លួនជូនដល់ថ្នាក់ដឹកនាំ និងឱ្យបានទូលំទូលាយ៕

ដោយ សួស សំរិត





