ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រភពទឹកអាងទឹកត្រពាំងព្រីង និងអាងទឹកបាដាក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពប្រភពទឹក អាងទឹកបាដាក ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និង អាងទឹកត្រពាំងព្រីង ស្ថិតក្នុងស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកជាក់ស្តែង និងចំពោះមុខរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ (ព្រះវិហារ និងកំពង់ធំ) ជាពិសេសប្រជាពលរដ្ឋក្នុងតំបន់ដែលទាញយកទឹកពីអាងទឹក៣០កញ្ញាក្រសួងចាំបាច់ត្រូវតែបន្តធ្វើការអភិវឌ្ឍ កែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដោយចាប់ផ្តើមពីប្រភពទឹក រហូតដល់ប្រព័ន្ធបែងចែកទឹកឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈប្រភពទឹកទាំងពីរនេះ គឺជាប្រភពទឹកដ៏មានសារសំខាន់ក្នុងការផ្គត់ផ្គង់ និងបញ្ចូលទឹកទៅកាន់ប្រព័ន្ធធារាសាស្ត្រអាងទឹក៣០កញ្ញា។


ការធ្វើទំនើបកម្មនេះគឺដើម្បីធានាឱ្យប្រព័ន្ធធារាសាស្ត្របំពេញតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ជាលក្ខណៈពហុបំណង ព្រមទាំងក្លាយជាប្រភពធនធានទឹកដ៏មានយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពនិងប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ក៏ដូចជាតំបន់ផ្នែកខាងក្រោមផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





