កិច្ចប្រជុំឆ្លងរបាយការណ៍ការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់
AKP កំពង់ធំ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា។

ក្រោយពីការិយាល័យនីមួយៗបានធ្វើបទបង្ហាញ និងរាយការណ៍អំពីលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ រួចមក លោកស្រី ង៉ែត ណារីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែក ក្នុងការអនុវត្តការងារតាមតួនាទី និងភារកិច្ចដែលបានប្រគល់ជូន។ លោកស្រីបានលើកឡើងថា ក្នុងអំឡុងពេលកន្លងមក មន្ទីរព័ត៌មានខេត្តកំពង់ធំ បានបន្តអនុវត្តការងារចុះយកព័ត៌មាន ថតរូបភាព តែងនិពន្ធ និងចងក្រងអត្ថបទព័ត៌មាន ព្រមទាំងផលិតកម្មវិធីផ្សេងៗ និងស្ប៉តអប់រំខ្លីៗ ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធវិទ្យុ FM និងទូរទស្សន៍ជាតិខេត្ត។ ជាមួយគ្នានេះ មន្ទីរក៏បានបញ្ជូនខ្លឹមសារព័ត៌មាន និងរូបភាពទៅវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយជូនសាធារណជនឱ្យបានទូលំទូលាយ។
ទន្ទឹមនឹងនេះ មន្ទីរព័ត៌មានខេត្តបានយកចិត្តទុកដាក់លើការចាក់ផ្សាយបន្តនូវព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗពីវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា តាមប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្ត ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ សកម្មភាពរបស់ព្រឹទ្ធសភា រដ្ឋសភា និងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងព័ត៌មានសំខាន់ៗផ្សេងទៀត។ ជាមួយគ្នានេះ មន្ទីរបានបន្តរាយការណ៍ព័ត៌មានប្លែកៗ ព័ត៌មានទាន់ហេតុការណ៍ និងព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅក្នុងមូលដ្ឋានជូនក្រសួងព័ត៌មានបានទាន់ពេលវេលា ព្រមទាំងបន្តត្រួតពិនិត្យ និងតាមដានជាប្រចាំនូវសកម្មភាពរបស់ប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងខេត្ត។

លោកស្រីប្រធានបានបន្ថែមថា មន្ទីរព័ត៌មានខេត្តគឺជាសេនាធិការរបស់ក្រសួងព័ត៌មាននៅថ្នាក់ក្រោមជាតិ ដែលមានតួនាទីសំខាន់ក្នុងការគាំទ្រ និងបំពេញការងារផ្នែកបច្ចេកទេស ព័ត៌មាន និងសោតទស្សន៍ ដើម្បីធានាឱ្យការងារព័ត៌មាននៅមូលដ្ឋានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ក្នុងការអនុវត្តការងារ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទបានសហការគ្នាយ៉ាងល្អ ផ្តល់បទពិសោធន៍ និងចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ព្រមទាំងរក្សាបាននូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយមន្ទីរ-អង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត។ មន្ទីរព័ត៌មានខេត្តកំពង់ធំ ក៏បានបន្តគោរព និងអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ-អង្គភាពនានា ដើម្បីចូលរួមផ្សព្វផ្សាយសកម្មភាពការងារ សមិទ្ធផល និងព័ត៌មានសំខាន់ៗជូនប្រជាពលរដ្ឋ។
លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តបានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ដោយផ្តោតសំខាន់លើការងារមួយចំនួន រួមមាន៖ ១. បន្តពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការចុះយកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដោយផ្តល់អាទិភាពដល់ព័ត៌មានដែលមានប្រយោជន៍ និងមានសារៈសំខាន់ចំពោះសាធារណជន។ ២. បង្កើនការផលិតបទយកការណ៍ ព័ត៌មានពិសេស និងវីដេអូខ្លីៗឱ្យមានគុណភាព និងភាពទាក់ទាញ ស្របតាមនិន្នាការនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ៣. ពង្រឹងការតាមដានព័ត៌មានទាន់ហេតុការណ៍ និងការឆ្លើយតបឱ្យបានរហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ៤. បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានផ្លូវការ និងសារអប់រំជូនសាធារណជនឱ្យបានទូលំទូលាយ។ ៥. លើកកម្ពស់សមត្ថភាពមន្ត្រីជំនាញផ្នែកព័ត៌មាន និងសាធារណមតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តរបស់វិស័យព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។ ៦. ពង្រឹងកិច្ចសហការជាមួយមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន។ ៧. បង្កើនការចុះផលិតព័ត៌មាននៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រ ព្រមទាំងបណ្តាញសង្គមនានា។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែកបន្តខិតខំប្រឹងប្រែង បង្កើនស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងកិច្ចសហការផ្ទៃក្នុង ដើម្បីធានាឱ្យការអនុវត្តការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ កាន់តែមានប្រសិទ្ធភាព និងរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រយោជន៍ជូនសាធារណជន៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ)





