ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យទីតាំងសម្រាប់សាងសង់ផ្ទះថ្មីអំណោយរបស់សម្ដេចតេជោធិបតីជូនអតីតយុទ្ធជនពិការ នៅស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យទីតាំងសម្រាប់សាងសង់ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម នៅភូមិអូរំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកពលបាលទោ សុខ មឿន អាយុ ៦២ ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានត្រូវរបួសពីការភ្នែកខាងស្ដាំ និងដងខ្លួន នៅក្នុងសមរភូមិ ឃុំនីពេជ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ នៅឆ្នាំ១៩៩៣ ហើយត្រូវបានក្រសួងការពារជាតិវាយតម្លៃដាក់ឱ្យចូលជាយោធិនពិការនៅឆ្នាំ១៩៩៥។ លោក សុខ មឿន ជាបុរសពោះម៉ាយ ដោយភរិយាទទួលមរណភាពចោលគាត់ថ្មីៗនេះ។ បច្ចុប្បន្នគាត់រស់នៅក្នុងខ្ទមផ្ទាល់ដី ប្រក់ស្លឹកត្នោត ដំបូលធ្លុះធ្លាយជាមួយកូនជាស្ត្រីមេម៉ាយ និងចៅៗ នៅក្នុងបន្ទុកចំនួន ៥នាក់ ហើយមានជីវភាពលំបាកខ្វះខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះអតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការ ដើម្បីរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិជូនប្រជាជនកម្ពុជា។ ដើម្បីឆ្លើយតបនិងគុណូបការៈដ៏ថ្លៃថ្លានេះ សម្ដេចតេជោ និងសម្ដេចធិបតី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម សម្រេចសាងសង់ផ្ទះថ្មី ដែលមានទទឹង ៧ ម៉ែត្រ ជម្រៅ ៥ ម៉ែត្រ មានតយាបផ្ទះបាយប្រវែង ៣ ម៉ែត្រ និងមានបន្ទប់អនាម័យមួយខ្នងជូនគាត់ ឱ្យរស់នៅបានសមរម្យ ដែលនឹងត្រូវដំណើរការសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនៅស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនគាត់ មានអង្ករចំនួន ៥០ គីឡូក្រាម មីជាតិ១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួនពីរយួរ និងត្រីខកំប៉ុងចំនួនពីរយូរ៕
ដោយ ស៊ុម វណ្ណា





