កម្លាំងចម្រុះ បន្តចុះបង្ក្រាបបទល្មើសធនធានជលផលក្នុងបឹងទន្លេសាប នៅភូមិសាស្ត្រ ក្រុង ស្រុកចំនួន៣ នៃខេត្ដសៀមរាប
AKP សៀមរាប ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះទ្រង់ទ្រាយធំធ្វើការចុះបង្រ្កាបបទល្មើសធនធានជលផលនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសទ្រនិគម ចាប់ពីសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់បឹងទន្លេសាបនៅក្នុងភូមិសាស្រ្ដស្រុកពួក។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដមានប្រសាសន៍ថា ការចុះពិនិត្យនូវការដាក់លបនេសាទរបស់បងប្អូនប្រជានេសាទក្នុងភូមិសាស្ត្រខាងលើនេះ គឺដើម្បីធានា និងប្រាកដប្រជាថា បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទអនុវត្ដន៍តាមច្បាប់ណែនាំស្ដីពីច្បាប់ជលផល។ លោកអភិបាលរងខេត្ដបន្ដថា ករណីរកឃើញ លប រ៉ាវណា ដែលដាក់ខុសច្បាប់ ក្រុមមន្ត្រីជំនាញនឹងធ្វើការចុះកាត់ និងរឹបអូសយកលបរ៉ាវទៅរក្សាទុក រួមទាំងលែងកូនត្រីចូលទៅក្នុងទន្លេវិញ។

លោកអភិបាលរងខេត្ដបន្ដថា តាមរយៈការចុះពិនិត្យជាក់ស្ដែងឃើញថា បងប្អូនប្រជានេសាទគាត់ធ្វើត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ ដោយចំនួនលើសវែងតាមច្បាប់កំណត់ មានតិចតួចប៉ុណ្ណោះ។
លោកអភិបាលរងខេត្ដបានបន្ដថា ការធ្វើបែបនេះគឺដើម្បីរក្សាបាននូវធនធានជលផលឱ្យបានច្រើនសម្បូរបែប សម្រាប់ជាផ្នែកមួយក្នុងការជួយដល់ជីវភាពរបស់បងប្អូនប្រជានេសាទដែលពួកគាត់រកដោយស្របច្បាប់ និងរក្សាបាននូវពូជត្រីឱ្យកាន់តែគង់រង្សដល់កូនចៅជំនាន់ក្រោយទៀត។ លោកបានណែនាំបន្ថែមដល់ប្រជានេសាទចូលរួមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវក្នុរដូវបិទនេសាទនេះ និងក៏បានសំណូមពរដល់មន្ត្រីជលផល និងអង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការគ្នាឱ្យបានល្អក្នុងកិច្ចការទប់ស្កាត់ និងបង្ក្រាបបទល្មើសបឹងទន្លេសាប។

សូមជម្រាបថា មន្រ្ដីជំនាញនៃរដ្ឋបាលជលផលខេត្ដសៀមរាប បានធ្វើការចុះពិនិត្យឧបករណ៍នេសាទ លបរ៉ាវ ចំនួន ២៣ របាំង ដោយបានធ្វើការវាស់ប្រវែងរបាំងសាច់អួន និងក្រឡា បានចំនួន ២៣ របាំង ឃើញថា ប្រជានេសាទបានប្រើក្រឡាសាច់អួនត្រឹមត្រូវតាមច្បាប់ស្តីពីជលផលបានកំណត់ និងបានធ្វើការរុះរើកាត់តម្រឹមរបាំងសាច់អួនចំនួន ៦ របាំងដែលលើសប្រវែងកំណត់ បានលែងកូនត្រីចម្រុះចំនួន៨០គីឡូក្រាម បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ចំនួន១ករណី ក្នុងនោះ មានឧបករណ៍លបរ៉ាវចំនួន១០រ៉ាវ របាំងសាច់អួនប្រវែង១២០០ម៉ែត្រ និងចម្រឹងចំនួន៤០០ដើម៕

ដោយ ឃុត សៅ





