កិច្ចពិភាក្សាអំពីការកំណត់ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាល រវាងខេត្តព្រៃវែង ស្វាយរៀង និងខេត្តកណ្តាល
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកណ្តាល ដោយកិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងបីឱ្យមានភាពច្បាស់លាស់ និងស្របតាមការកំណត់របស់រដ្ឋ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

តាមរយៈកិច្ចប្រជុំនេះ អង្គភាពពាក់ព័ន្ធបានចូលរួមផ្តល់ព័ត៌មាន ឯកសារ និងមតិយោបល់ ដើម្បីជាមូលដ្ឋានសម្រាប់ការពិនិត្យ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលឱ្យបានច្បាស់លាស់ សមស្រប និងអាចអនុវត្តន៍បានជាក់ស្តែង។

កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធក្នុងការពង្រឹងការគ្រប់គ្រងរដ្ឋបាល កាត់បន្ថយភាពមិនច្បាស់លាស់នៅតាមព្រំប្រទល់រដ្ឋបាល និងធានាឱ្យការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងស្របតាមបទដ្ឋានរដ្ឋបាលជាធរមាន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





