វេទិកាតុមូលពិភាក្សា និងបញ្ចេញទស្សនៈយុវជនស្ដីពី គុណតម្លៃនៃការងារស្ម័គ្រចិត្ត
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--កាកបាទក្រហមកម្ពុជា បានរៀបចំវេទិកាតុមូលពិភាក្សា និងបញ្ចេញទស្សនៈយុវជនស្ដីពី គុណតម្លៃនៃការងារស្ម័គ្រចិត្ត ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិ ១២ សីហា ក្រោមប្រធានបទ៖ បរិបទខុសគ្នា ក្ដីប្រាថ្នារួមគ្នានាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ដឹកនាំដោយ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ដ្រីទីស្នាក់កណ្ដាល មន្ដ្រីក្រុមប្រតិបត្តិសាខា ២៥ រាជធានី ខេត្ត (តាមប្រព័ន្ធនិម្មិតZoom) ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ សរុប ៣៥០នាក់។

វេទិកានេះ រៀបចំឡើងដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិ ១២ សីហា ក្រោមប្រធានបទ៖ បរិបទខុសគ្នា ក្ដីប្រាថ្នារួមគ្នា។ ទិវានេះត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងលើកកម្ពស់តួនាទីយុវជនក្នុងការអភិវឌ្ឍសង្គម និងជំរុញឱ្យមានការចូលរួមរបស់យុវជនក្នុងការសម្រេចចិត្តលើ បញ្ហាសំខាន់ៗដែលប៉ះពាល់ដល់អនាគតរបស់ពួកគេ។


មានវាគ្មិនកិត្តិយស ៣រូប បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ចូលរួមកិច្ចការងារស្ម័គ្រចិត្ត ការងារមនុស្សធម៌ និងផ្ដល់នូវអនុសាសន៍គន្លឹះជូនអង្គពិធីរួមមាន៖
១. ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាអតីតមន្រ្តីសម្របសម្រួលកម្មវិធីអភិវឌ្ឍយុវជន កក្រក។
២. លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងជាអតីតប្រធានក្លឹបយុវជន កក្រក នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ។
៣. ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអតីតអនុប្រធានក្លឹបយុវជន កក្រក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕


ដោយ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





