ប្រមុខកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីការពង្រឹងឥរិយាបថការពារជាតិរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ -- មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ប្រមុខកងទ័ពកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារបានជួបជាមួយសមភាគីសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីវិធីពង្រឹងជំហរការពារជាតិរួមរបស់ប្រទេសទាំងពីរ និងពង្រីកការផ្លាស់ប្ដូរយោធារវាងកងកម្លាំងប្រដាប់អាវុធ។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា នាយឧត្តមសេនីយ៍ គីម គ្យូហា នាយសេនាធិការកងទ័ពបានជួបជាមួយលោកឧត្តមសេនីយ៍ គ្រីស្តូហ្វើរ ឡាណេវ នាយសេនាធិការស្តីទីនៃកងទ័ពអាម៉េរិកនៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីដោយផ្អែកលើជំហរការពារជាតិរួមគ្នាដ៏ «រឹងមាំ»។
មន្ត្រីទាំងពីររូបបានកត់សម្គាល់ថា សម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក បានរួមចំណែកដល់សន្តិភាពនៅឧបទ្វីបកូរ៉េ និងស្ថិរភាពក្នុងតំបន់។
ប្រមុខកងទ័ពទាំងពីរក៏បានពិភាក្សាគ្នាអំពីវិធីដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការក្នុងអំឡុងពេលសមយុទ្ធរួមគ្នា និងពង្រីកការផ្លាស់ប្តូរនៅក្នុងវិស័យភស្តុភារ និងទ្រទ្រង់។
លោក គីម បាននិយាយថា «យើងសង្ឃឹមថានឹងពង្រីកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់បន្ថែមទៀតលើបច្ចេកវិទ្យាយោធាទំនើប រួមទាំងប្រព័ន្ធសហការគ្នារវាងឧបរកណ៍មានមនុស្សបើ និងឧបករណ៍មនុស្សគ្មានមនុស្សបើក និងបញ្ញាសិប្បនិម្មិត ដោយប្រើប្រាស់បទពិសោធន៍នវានុវត្តន៍របស់កងទ័ពសហរដ្ឋអាមេរិក»។
លោកបានសន្យាថានឹងពង្រឹងសម្ព័ន្ធភាពទ្វេភាគីជាមួយសហរដ្ឋអាមេរិក តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំងកិច្ចប្រជុំកងទ័ពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកាខាងមុខផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





