លោក លី ជេម្យុង៖ កាតព្វកិច្ចចម្បងរបស់រដ្ឋ គឺការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង កាលពីថ្ងៃអង្គារ បានរំលឹកឡើងវិញថា កាតព្វកិច្ចចម្បងរបស់រដ្ឋ គឺធានាសុវត្ថិភាពរបស់ប្រជាជន និងការពារអាយុជីវិតរបស់ពួកគេ។ លោក លី បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងពិធីមួយ ដែលបង្ហាញពីការបើកមន្ទីរពេទ្យដំបូងរបស់ប្រទេស ដែលឧទ្ទិសដល់ការព្យាបាលអ្នកឆ្លើយតបដំបូង។
លោក លី បាននិយាយនៅក្នុងសុន្ទរកថាមួយថា «កាតព្វកិច្ចចម្បងរបស់រដ្ឋ គឺការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន»។
លោកប្រធានាធិបតីបានកត់សម្គាល់ថា ក្រុមអ្នកពន្លត់អគ្គីភ័យ គឺជាជួរមុខក្នុងការអនុវត្តកាតព្វកិច្ចនេះនៅកន្លែងគ្រោះថ្នាក់ និងគ្រោះមហន្តរាយដោយបានគូសបញ្ជាក់ថា អរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេសាធារណជនអាចរស់នៅប្រចាំថ្ងៃរបស់ពួកគេបានដោយសុវត្ថិភាព និងសន្តិភាព។
មន្ទីរពេទ្យពន្លត់អគ្គីភ័យជាតិនៅ Eumseong ខេត្តជុងឆឹងខាងជើង គឺជាមន្ទីរពេទ្យទូទៅដំបូងគេរបស់ប្រទេស ដែលឧទ្ទិសដល់ការព្យាបាលអ្នកពន្លត់អគ្គីភ័យ និងអ្នកឆ្លើយតបដំបូងផ្សេងទៀត និងធ្វើការស្រាវជ្រាវដែលសមស្របទៅនឹងតម្រូវការសុខភាពការងាររបស់ពួកគេ។
មន្ទីរពេទ្យនេះបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមិថុនា ដើម្បីផ្តល់សេវាថែទាំសុខភាពដល់អ្នកពន្លត់អគ្គីភ័យ មន្ត្រីប៉ូលីស និងសមាជិកគ្រួសាររបស់ពួកគេ ក៏ដូចជាអ្នកស្រុកក្នុងតំបន់ផងដែរ។
លោកប្រធានាធិបតីបាននិយាយថា «ខ្ញុំសង្ឃឹមថា មន្ទីរពេទ្យពន្លត់អគ្គីភ័យជាតិនេះអាចបម្រើជាកន្លែងថែទាំដែលគួរឱ្យទុកចិត្ត ដែលយល់ និងព្យាបាលអ្នកយ៉ាងល្អ»។
លោក លី បានបន្ថែមថា មន្ទីរពេទ្យនេះក៏នឹងបម្រើជាមជ្ឈមណ្ឌលថែទាំសុខភាពសាធារណៈក្នុងតំបន់នៅខេត្តជុងឆឹងខាងជើងផងដែរ ដោយសន្យាថានឹងមានការគាំទ្រ និងវិនិយោគពីរដ្ឋាភិបាល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





