សម្តេចធិបតី ណែនាំឲ្យអភិបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យករណីបង្គោលភ្លើងសូឡាមួយដើមតម្លៃ២ពាន់ដុល្លារ
AKP ស្ទឹងត្រែង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំអភិបាលខេត្តកំពង់ឆ្នាំងត្រូវត្រួតពិនិត្យមើលឧបករណីបង្គោលភ្លើងសូឡាមួយដើម មានតម្លៃរហូតដល់៨លានរៀល ឬស្មើ២០០០ដុល្លារដែលបានដាក់ដំឡើងនៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ការលើកឡើងរបស់សម្តេចធិបតីនាយក រដ្ឋមន្ត្រីបន្ទាប់ពីកាលពីពេលថ្មីៗនេះ មានករណីដាក់ដេញថ្លៃ បង្គោលភ្លើងសូឡាតម្លៃ ១ដើម ៨លានរៀល (ប្រហែល ២,០០០ដុល្លារ) នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ហើយករណីនេះ កំពុងក្លាយជាប្រធានបទក្តៅ និងទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការនូវសមិទ្ធផលនានា នៅក្រុងស្ទឹង ត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើងថា ថ្មីៗនេះ ឃើញមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះបង្គោលភ្លើងសូឡាតម្លៃ ២ពាន់ដុល្លារនៅខេត្តកំពង់ឆ្នាំង។ ហេតុនេះរដ្ឋបាលខេត្តត្រូវចុះពិនិត្យមើលករណីនេះយ៉ាងណាដែរ? ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ៖“ប៉ុន្មានថ្ងៃនេះ ឃើញអារឿងស្អីបង្គោលភ្លើង២ពាន់ដុល្លារ ឡើងផ្អើល អាហ្នឹងហេតុផលយ៉ាងម៉េចត្រូវមើល ខេត្តត្រូវពិនិត្យមើលថា ត្រូវមានហេតុម៉េច ស្អីយ៉ាងណា។ អាហ្នឹងគេដាក់ខ្ពស់ដេញថ្លៃ តែទំលាក់ថ្លៃលូ ថ្លៃអីខ្ញុំមិនដឹងទេ ប៉ុន្តែត្រូវពង្រឹង”។
សម្តេចធិបតីបានលើកឡើងទៀតថា ត្រូវពិនិត្យដើម្បីបង្កើនទំនុកចិត្តដល់ប្រជា ពលរដ្ឋ និងទទួលមកវិញបានផលច្រើន៕
ដោយ៖ ប៊ុនរិទ្ធ





