ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញចុះ ពិនិត្យគម្រោងស្ថាបនា កែលម្អ និងជួសជុលស្តារឡើងវិញនិងហេដ្ឋានរចនាសម្ព័ផ្លូវជនបទ
AKP ព្រះសីហនុ ថ្ងៃ១១ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ឈន សេដ្ឋា នាថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យគម្រោងស្ថាបនា កែលម្អ និងជួសជុលស្តារឡើងវិញហេដ្ឋានរចនាសម្ព័ផ្លូវជនបទនៅក្នុងខេត្តកំពង់ចាមចំនួន ៤ខ្សែ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អគ្គនាយករងបច្ចេកទេស មន្រ្តីជំនាញនាយកដ្ឋានផ្លូវលំ និងអាជ្ញាធរមូលដ្ឋាននៅទីនោះ។
គម្រោងស្ថាបនាខ្សែផ្លូវទាំង ៤ខ្សែនោះរួមមាន ១-ស្ថាបនាផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង ៤,៧គ.ម. (ប្រវែងសរុប ៦,៨គ.ម.) និងលូមូលចំនួន ៣កន្លែង នៅភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ភូមិទទា ភូមិកន្លែងរុន និងភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ២-ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ១ខ្សែ ប្រវែង ៤,៧គ.ម. (ប្រវែងសរុប ១៤គ.ម.) និងសំណង់សិល្បការ្យមួយចំនួននៅភូមិតាម៉ៅ ភូមិបុសខ្នុរ ស្រុកកំពង់សៀម ភ្ជាប់ទៅផ្លូវជាតិលេខ៧១ ក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ៣-ស្ថាបនាផ្លូវក្រាលល្បាយកំទិចថ្មភ្នំប្រវែង ៤,៩គ.ម. ទទឹង ៧ម. ស្ថិតនៅឃុំជាលា ស្រុកបាធាយ។ ៤-សាងសង់លូអ៊ុយតាមបណ្តោយផ្លូវ ប្រវែង ៨០០ម. ស្ថិតក្នុងឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





