ក.វ.ឦសាន រៀបចំកិច្ចប្រជុំចង្អៀតនៅខេត្តមណ្ឌលគិរី ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និង ជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»
AKP ភ្នំពេញ ថ្ងៃ១១ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានរៀបចំកិច្ចប្រជុំចង្អៀតមួយជាមួយឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ក្នុងគោលបំណងផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធីជូនវិនិយោគិន/ធុរជន ដែលបានវិនិយោគស្រាប់ និងថ្មីៗ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាតំបន់ឦសានទាំងមូល។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីជំនាញពាក់ព័ន្ធនៃលេខាធិការដ្ឋាន ក.វ.ឦសាន និងរដ្ឋបាលខេត្តមណ្ឌលគិរី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានរាយការណ៍សង្ខេបអំពីសមិទ្ធផល និងបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តដែលកំពុងជួបប្រទះ ព្រមទាំងបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន រដ្ឋបាលខេត្តបាននិងកំពុងសហការជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំប្លង់គោលការប្រើប្រាស់ដីធ្លី (Land Zoning) ឱ្យបានច្បាស់លាស់ សំដៅប្រើប្រាស់ដីធ្លីឱ្យបានត្រឹមត្រូវស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ផងដែរអំពីជំហរគាំទ្រគម្រោងវិនិយោគទាំងឡាយ ដែលមានក្នុងខេត្ត ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដោយធ្វើយ៉ាងណាសម្របសម្រួលការចុះបញ្ជីឱ្យបានលឿន ព្រមទាំងបានបញ្ជាក់អំពីសក្តានុពលវិស័យទេសចរណ៍ធម្មជាតិ តាមរយៈការដាក់ចេញផែនការសកម្មភាពទាក់ទាញ កៀរគរ ថែទាំ និងដោះស្រាយបញ្ហានានា របស់ម្ចាស់គម្រោង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីខ្លឹមសារគន្លឹះនៃកម្មវិធីពិសេស យន្តការ និងនីតិវិធីនៃការអនុវត្តក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស តួនាទី និងភារកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី ក្នុងការសម្របសម្រួល និងផ្តល់កិច្ចសហការខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលប្រកបដោយផ្លែផ្កា និងជោគជ័យ។ ក្នុងន័យនេះ អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវកំណត់អាទិភាពនៃវិស័យដែលមានសក្តានុពលសម្រាប់ការវិនិយោគស្របតាមលក្ខខណ្ឌ និងសក្តានុពលជាក់ស្តែងរបស់ខេត្ត ព្រមទាំងពង្រឹងការសម្របសម្រួលរវាងក្រុមការងារ និងរដ្ឋបាលខេត្តក្នុងការផ្តល់ព័ត៌មាន ការដោះស្រាយបញ្ហាប្រឈម និងការសម្រួលនីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ។


ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តមណ្ឌលគិរី ព្រមទាំងបញ្ហាប្រឈម និងកត្តាដែលអាចជះឥទ្ធិពលដល់ការទាក់ទាញ និងការអនុវត្តគម្រោងវិនិយោគ ដោយបានឯកភាពគ្នាទៅលើការបន្តកិច្ចសហការ និងសម្របសម្រួលការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើតបរិយាកាសអំណោយផល និងលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន ជាពិសេសជំរុញឱ្យការអនុវត្តកម្មវិធីពិសេសខាងលើ ដែលអាចប្រព្រឹត្តទៅដោយមានតម្លាភាព ប្រសិទ្ធភាព និងចីរភាព សំដៅទាក់ទាញការវិនិយោគដែលមានគុណភាព បង្កើតការងារ បង្កើនសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងភូមិភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី៕
ដោយ៖ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)





