ព័ត៌មានក្លែងក្លាយ ពីខែឧសភាដល់កក្កដា ២០២៦សង្កេតឃើញនិន្នាការធ្លាក់ចុះនៃករណីព័ត៌មានក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--- អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថាផ្អែកតាមរបាយការណ៍របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានបង្ហាញពីទំនោរ(trend) ធ្លាក់ចុះនៃព័ត៌មានក្លែងក្លាយ ពីខែឧសភា (ដែលខែឧសភានេះ ជាពេលដែលក្រសួងបានចាប់ផ្តើមយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២) ដល់កក្កដា ២០២៦គឺសង្កេតឃើញនិន្នាការធ្លាក់ចុះនៃករណីព័ត៌មានក្លែងក្លាយ។ អ្នកនាំពាក្យបានបន្តថាសរុបករណី ដែលបានកត់ត្រា៖ ៥៨៣ ករណី ក្នុងខែឧសភា បានថយចុះមកត្រឹម ៤៨៥ ករណី ក្នុងខែមិថុនា (ថយចុះ ១៦,៨%) និងបន្តធ្លាក់ចុះមកត្រឹម ៣៦១ ករណី ក្នុងខែកក្កដា (ថយចុះ ២៥,៥% ប្រៀបធៀបនឹងខែមិថុនា ហើយថយចុះ ៣៨% បើធៀបនឹង ឧសភា)។
ក្រៅពីយន្តការ និងវិធីសាស្ត្រជាក់លាក់ ដែលក្រសួងព័ត៌មានបានដឹកនាំអនុវត្តនាពេលកន្លងមក យុទ្ធនាការដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយអ្នកប្រើប្រាស់បណ្តាញសង្គមពី «អ្នករងគ្រោះដោយព័ត៌មានក្លែងក្លាយ» ទៅជា «ពលរដ្ឋឌីជីថលដែលមានភាពម្ចាស់ការ និងការទទួលខុសត្រូវ» ពោលគឺបានពង្រឹងកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនពលរដ្ឋ ពិសេសក្នុងចំណោមយុវវ័យ។
យុវជនកម្ពុជាមិនត្រឹមតែយល់ដឹងពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកម្លាំងចលករយ៉ាងសកម្មក្នុងការការពារ លំហសុវត្ថិភាពព័ត៌មាន ការពារសិទ្ធិទទួលព័ត៌មានពិត និងប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិប្រកបដោយក្រមសីលធម៌ និងភាពស្មោះត្រង់ក្នុងក្របខណ្ឌច្បាប់។ ការបញ្រ្ជាប និងសន្ទុះនៃយុទ្ធនាការបានរីកសាយភាយដល់កម្រិតមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត។កំណើននេះបានជំរុញឱ្យមានការចូលរួមទប់ទល់ព័ត៌មានបំពុល និងការកាតផ្តាច់ការចែករំលែកព័ត៌មានក្លែងក្លាយ ដែលបានសបញ្ជាក់ឱ្យឃើញពីស្មារតីចូលរួមទទួលខុសត្រូវក្នុងសង្គមឌីជីថល ជាពិសេសយុវវ័យចាប់យកជម្រើសត្រួតពិនិត្យប្រភពព័ត៌មាន គឺស្វ័យត្រួតពិនិត្យ និងផ្ទៀងផ្ទាត់មុននឹងជឿ ឬចែករំលែកព័ត៌មាននីមួយៗ ចេញពីបណ្តាញសង្គម។
ក្រសួងព័ត៌មាននឹងបន្តពង្រឹងការអនុវត្តយន្តការ និងក្របខណ្ឌវិធានការ ក្នុងនោះកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានសិក្សា មានសារៈសំខាន់ ដើម្បីជ្រាបចូលកាន់តែជ្រៅនូវ អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ក្នុងសង្គមកម្ពុជា៕

ដោយ៖ ប៊ុនរិទ្ធ





